(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានអំពាវនាវដល់អតីតយុទ្ធជន និងគ្រួសារ ត្រូវខិតខំរៀបចំតុបតែងលំនៅដ្ឋានរៀងៗខ្លួន ឱ្យបានស្អាតល្អ ព្រមទាំងបន្តចិញ្ចឹមសត្វ និងដាំដុះដំណាំកសិកម្មផ្សេងៗ នៅលើដីអំណោយផលខ្ពស់នេះឱ្យបានច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមប្រឡងប្រណាំងទទួលយករង្វាន់ ដែលនឹងផ្តល់ជូនតាមរយៈឯកឧត្តមផ្ទាល់ ក្នុងពេលខាងមុខ។
ការអំពាវរបស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ចំនួន១០៥គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា ទន្ទឹមនឹងការអំពាវនាវខាងលើ ឯកឧត្តមក៏មានគម្រោងរៀបចំទីផ្សារកសិផលមួយនៅទីនេះ ដែលតម្រូវឱ្យគ្រួសារបងប្អូនអតីតយុទ្ធជនយើង ធ្វើការដាំដុះបន្លែសុវត្ថិភាពជាក្រុមៗ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ក្នុងមូលដ្ឋាន និងឈានទៅផ្គត់ផ្គង់ សម្រាប់ទីផ្សារក្នុងខេត្ត និងក្រៅខេត្ត។
ឯកឧត្តមបានលើកឡើងថា ទីតាំងសម្បទានដីសង្គមកិច្ច (ដីកសិកម្ម និងលំនៅដ្ឋាន)ខាងលើនេះ គឺជាការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មជូនជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។
ជាការពិតណាស់ថា ទីតាំងសម្បទានដីសង្គមកិច្ចនេះ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនបងប្អូនអតីតយុទ្ធជនយើងម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០x១៥០ម៉ែត្រ។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសប្បុរសជន ក៏បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាត និងមានពិការភាពទាំង ៦២៨គ្រួសារនេះផងដែរ។ បច្ចុប្បន្នផ្ទះបានសាងសង់រួចរាល់ ចំនួន១២៨ខ្នងហើយ ក្នុងនោះ ៥០ខ្នង ត្រូវបានប្រគល់-ទទួល ជំហាន១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។
ឯកឧត្តមបានបន្តថា សម្ដេចទាំងទ្វេរតែងតែក្រើនរំលឹកមករូបឯកឧត្តមផ្ទាល់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។
ឯកឧត្តមបានបន្ថែមទៀតថា បើទោះបីជាទីតាំងលំនៅថ្មី ដែលជាជម្រកកក់ក្តៅរបស់អតីតយុទ្ធជន នៅទីតាំងនេះ មិនទាន់រៀបចំរួចរាល់ជាស្ថាពរក្តី តែក៏មានគ្រួសារអតីតយុទ្ធជន បានចូលមករស់នៅ និងធ្វើការដាំដុះជាបណ្តើរៗ ជាក់ស្តែងនាថ្ងៃនេះមានចំនួន១០៥គ្រួសារ បានមកទទួលស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ការរស់នៅ ពីសំណាក់ឯកឧត្តមផ្ទាល់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស និងទឹកស៊ីអ៊ីវ ឬទឹកត្រី១យួរ។ ការផ្តល់ជូននេះមានរយៈពេល១ឆ្នាំពេញ គឺដើម្បីធានាថា ក្រុមគ្រួសារអតីតយុទ្ធជននឹងមិនជួបការខ្វះខាតក្នុងជីវភាព ខណៈដែលពួកគាត់ កំពុងមមាញឹកក្នុងការរៀបចំផ្ទះសម្បែង និងដាំដុះដំណាំផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងតបណ្តាញអគ្គិសនី ព្រមទាំងបន្តចុះពិនិត្យទីតាំងដែលកំពុងសាងសង់មណ្ឌលសុខភាព និងសាលារៀន ដើម្បីពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឱ្យបានលេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លី៕
Ti Amo (ពស)