រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ នឹងចាប់ដំណើរការចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី៣ (ជាដូសជំរុញ) ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ នៅព្រឹកស្អែកនេះ

  • 866
  • ដោយ Admin

(ពោធិ៍សាត់)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៧,៥២០ដូស ដែលបានដឹកមកដល់ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ នឹងត្រូវរៀបចំដំណើរការចាក់ សម្រាប់ដូសទី៣ (ជាដូសជំរុញ) នាព្រឹកស្អែក ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើន បានវិលត្រឡប់មកពីប្រទេសថៃ។

ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ បានចង្អុលការដល់មន្ទីរជំនាញ ឱ្យរៀបចំចាក់វ៉ាក់សាំង ប្រភេទ AstraZeneca ដូសទី៣ (ជាដូសជំរុញ) សម្រាប់មន្ត្រីជួរមុខ នៅថ្ងៃទី០៨ ខែសីហា ស្អែកនេះ ហើយនិងបន្តទៅថ្ងៃបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាអនុវត្តន៍ឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ និងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។

កាលពីដើមខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទDelta ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង ប្រភេទAstraZeneca (ជាដូសជំរុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm ឬ Sinovac។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង