(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលពុំទាន់បានមកទទួលវ៉ាក់បង្ការជំងឺកូវីដ១៩ សូមរួសរាន់មកទទួលការចាក់ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ព្រោះថានៅចុងខែសីហាឆាប់ៗខាងមុខនេះ ខេត្តពោធិ៍សាត់នឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែរប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សស្ទើរទូទាំងខេត្ត បានមកទទួលវ៉ាក់សាំងនេះរួចរាល់។
ឯកឧត្តមបានអំពាវនាវបែបនេះ ក្នុងឱកាសចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ជូនដល់កូនក្មួយសិស្សានុសិស្ស និងយុវជន ដែលគ្រប់អាយុចាក់វ៉ាក់សាំង ចាប់ពី១២ឆ្នាំឡើង នៅមណ្ឌលមន្ទីរពេទ្យបង្អែកបាកាន, មណ្ឌលវិទ្យាល័យព្រះម្លូរ ក្នុងឃុំបឹងខ្នារ, មណ្ឌលអនុវិទ្យាល័យស្វាយដូនកែវ ក្នុងឃុំស្វាយកែវ និងមណ្ឌលអនុវិទ្យាល័យស្រះម្កាក់ ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិ ជាច្រើននាក់ទៀត។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងឱ្យដឹងថា ខេត្តពោធិ៍សាត់គឺពិតជាមានភ័ព្វសំណាងណាស់ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បានគ្រប់ចំនួនប្រជាពលរដ្ឋ ដែលគ្រប់អាយុចាក់ ដើម្បីឱ្យពួកគេមានអង់ទីគ័រការពារ ជាក់ស្តែងការចាក់វ៉ាក់សាំងដូចថ្ងៃនេះ គឺផ្តល់ឱ្យកូនក្មួយសិស្សានុសិស្សយើង មានឱកាសចូលរៀនក្នុងពេលដ៏ខ្លីខាងមុខបាន។ ឯកឧត្តមបន្តថា វ៉ាក់សាំងនេះ គឺជាអំណោយរបស់សម្តេចតេជោ ដែលសម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំង និងបានដាក់ចេញនូវវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។ ជានិច្ចកាលសម្តេចតែងតែគិតគូរ និងមិនភ្លេចទេ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ជាពិសេសក្មួយៗចៅៗសិស្សានុសិស្សរបស់សម្តេច ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់កូនក្មួយសិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ។ ជាងនេះទៅទៀត ត្រូវចូលរួមពាក់ម៉ាស និងបន្តអនុវត្តវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ឱ្យបានឆាប់រហ័ស។
កូនក្មួយសិស្សានុសិស្ស ដែលមកទទួលវ៉ាក់សាំងនាថ្ងៃនេះ ក៏ដូចជាអាណាព្យាបាលសិស្ស បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ជូនវ៉ាក់សាំង មកចាក់ជូនពួកគេ ហើយពួកគេសូមឱ្យសម្តេច មានសុខភាពល្អបរិបូណ៌ និងបន្តដឹកនាំប្រទេសឱ្យមានការរីកចម្រើនតរៀងទៅ៕
Ti Amo (ពស)