(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្ត នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជូនដល់កុមារ ដែលមានអាយុចាប់ពី៦ឆ្នាំ រហូតដល់១២ឆ្នាំ ដែលពិធីនេះត្រូវបានធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ និងសាលាបឋមសិក្សាព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការចាក់វ៉ាក់សាំង ដូសទី១ សម្រាប់កុមារនាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មកលើកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ រហូតដល់១២ឆ្នាំ ក្នុងគោលបំណងជំរុញឱ្យមានការបើកសាលាបឋមសិក្សាឡើងវិញ ខណៈពេលដែលកុមារដែលមានអាយុ១២ឆ្នាំ រហូតដល់១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាឱ្យដំណើរការទូទាំងប្រទេស។
ឯកឧត្តម បានបន្ថែមថា បើទោះបីជាសិស្សានុសិស្ស ឬកុមារតូចៗ ដែលបានទទួលការចាក់វ៉ាក់សាំង នឹងត្រូវបានចូលរៀននៅសាលាសារជាថ្មីក្តី ក៏ក្មួយៗត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ដោយមុននឹងចូលសាលាត្រូវពាក់ម៉ាស បាញ់អាល់កុល ឬជែលសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។
ប្រជាពលរដ្ឋ ដែលជាមាតាបិតា និងអាណាព្យាបាលសិស្ស បានសម្តែងងនូវសេចក្តីត្រេកអរឥតឧបមា ដោយបានឃើញកូនចៅជាទីស្រឡាញ់របស់ពួកគាត់ បានទទួលវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ហើយពួកគាត់បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ។ ជាមួយគ្នានោះ ពួកគាត់បានសប្បាយចិត្តជាខ្លាំង ខណៈពេលដែលកូនៗចៅៗរបស់ពួកគាត់ បានចូលរៀនសារឡើងវិញ បន្ទាប់ពីបិទសាលាមួយរយៈកន្លងមក និងសង្ឃឹមថាមេរោគដ៏សាហាវនេះ ឆាប់រលាយសូន្យនាពេលខាងមុខ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអំណោយពីសប្បុរសជន ដែលបានឧបត្ថម្ភអង្ករ ចំនួន២តោន សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តផងដែរ៕
Ti Amo (ពស)