(ពោធិ៍សាត់)៖ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា រូបគាត់ពិតជាមានមោទនភាព និងមានការចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ដែលបានទទួលនូវការវិនិយោគដ៏ធំ ទៅលើការផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត Ford។
ការបង្ហាញអារម្មណ៍ខ្ពស់បែបនេះ របស់ឯកឧត្តម Patrick Murphy បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូ ចុះមកសិក្សាស្វែងយល់ និងពិភាក្សាការងារមួយចំនួន ជុំវិញសក្តានុពលដែលមាននៅក្នុងខេត្ត និងលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្ត ជាមួយនឹងស្ថានទូតសហរដ្ឋអាមេរិក នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។
កិច្ចជំនួបនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយក្តី ក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងដោយបានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សរុបប្រមាណ២២រូប។
នាកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងថា ជាការពិតណាស់ថា ការពិភាក្សានាពេលនេះ គឺផ្តោតសំខាន់លើការសិក្សាស្វែងយល់ ពីរបៀបរបបរស់នៅរបស់ប្រពលរដ្ឋក្នុងខេត្ត ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល កសិកម្ម និងវិស័យនាៗផ្សេងទៀត ជាពិសេសគឺពួកយើងបានឃើញថា ប្រជាជនកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក ប្រជាជនក្នុងខេត្តពោធិ៍សាត់ គឺបានទទួលវ៉ាក់សាំង Johnson & Johnson ពីសហរដ្ឋអាមេរិក។
ឯកឧត្តម Patrick Murphy បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រូបគាត់ពិតជាមានមោទនភាព និងមានការចាប់អារម្មណ៍ខ្ពស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ដែលបានទទួលនូវការវិនិយោគដ៏ធំ ទៅលើការផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត Ford។ ហើយអ្វីដែលគួរឱ្យកោតសរសើរទៅទៀតនោះ ខេត្តពោធិ៍សាត់ គឺមានភាពល្បីល្បាញមួយដែរ ទៅលើការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តាមរយៈបណ្តាញសង្គមព័ត៌មាន Facebook ក៏ដូចជាបណ្តាព័ត៌មានផ្សេងៗទៀត ដែលបានដោះស្រាយសេចក្តីជូនប្រជាពលរដ្ឋ ជុំវិញបញ្ហាទំនាស់ដីធ្លី បញ្ហាទំនាស់ក្នុងគ្រួសារ «ក្រៅប្រព័ន្ធតុលាការ» ប្រកបដោយប្រសិទ្ធិភាព និងភាពវ័យឆ្លាយ។ ជាមួយគ្នានោះឯកឧត្តមក៏សូមចោទសួរចម្ងល់ ថាតើ «ឯកឧត្តម ម៉ៅ ធនិន ធ្វើយ៉ាងណា? ទើបអាចដោះស្រាយបញ្ហាទាំងនោះ ដោយមានការយល់ព្រម និងទទួលយកពីសំណាក់ភាគីប្រជាពលរដ្ឋ?»។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជម្រាបអំពីសក្តានុភាពរបស់ខេត្ត ដែលមានវិស័យកសិកម្ម វិស័យគមនាគមន៍ វិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំនួនពីរ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តោតលើវិស័យឧស្សាហកម្ម មានកម្មករកំពុងបម្រើការងារ ប្រមាណជាង១ម៉ឺននាក់ ហើយដែលពួកគេ គឺបានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ១៩គ្រប់គ្នា ទាំងរោងចក្រ និងសហគ្រាសធុនតូច និងមធ្យម។
ឆ្លើយតបតាមការចោទសួរ ពីសំណាក់ឯកឧត្តមឯកអគ្គរដ្ឋទូត អាមេរិក, ឯកឧត្តម ម៉ៅ ធនិន បានជម្រាបជូនថា យន្តការដែលឯកឧត្តមកំពុងតែដើរនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈវេទិកាសាធារណៈ ដែលបានចង្អុលបង្ហាញឱ្យថ្នាក់ក្រោមជាតិ ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងការដោះស្រាយនោះដែរ ឯកឧត្តមបានប្រើប្រាស់អំណាចច្បាប់ និងតួនាទីគ្រួសារ ក្នុងនាមជាកូន ជាក្មួយ ជាបង និងជាប្អូន ដើម្បីសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមជូនពួកគាត់។
ជាការពិតណាស់ថាប្រជាពលរដ្ឋខ្មែរ គឺមានជំនឿខ្លាំងណាស់ទៅលើបុណ្យបាប ដែលជានិច្ចកាល ឯកឧត្តមតែងតែលើកឡើង បែបនេះថា «អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ»។
ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា «គោលដៅសំខាន់នៃដោះស្រាយគឺសំដៅឱ្យគូរភាគីទាំងសង្ខាង គ្មានអ្នកចាញ់ និងគ្មានអ្នកឈ្នះ គឺឈ្នះទាំងសង្ខាង នេះជាគោលនយោបាយឈ្នះឈ្នះ ដែលជាគ្រឹះនៅក្នុងមូលដ្ឋាន សម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដែលនេះជាគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»៕
Ti Amo (ពស)