(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញធ្វើដំណើរតាមអូប័រ ចុះសួរសុខទុក្ខ និងពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនកូនក្មួយ និងចៅៗប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចភូមិដីរនាត ភូមិព្រែកក្រ និងភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
អមដំណើរនាឱកាសនោះ បានការអញ្ជើញចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងខេត្ត លោកប្រធានមន្ទីរធនធានទឹកខេត្ត អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជានេសាទយ៉ាងច្រើនកុះករ។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ និងកូនក្មួយចៅៗ ទាំងមុន និងឱកាសនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃ ជាក់ស្តែងដូចជាកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ រហូតដល់១២ឆ្នាំ ដែលត្រូវចាក់ជូននេះ គឺក្នុងគោលបំណងជំរុញឱ្យមានការបើកសាលាបឋមសិក្សាឡើងវិញ ខណៈពេលដែរកុមារដែលមានអាយុ១២ឆ្នាំ រហូតដល់១៨ឆ្នាំ ត្រូវបានចាក់រួចរាល់។
ឯកឧត្តមបានបន្ថែមថា បើទោះបីជាបងប្អូនពុកម៉ែប្រជាពលរដ្ឋ ក៏ដូចកូនក្មួយចៅៗសិស្សានុសិស្ស ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់យ៉ាងណាក្តី ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ដោយត្រូវពាក់ម៉ាស លាងដៃនឹងសាប៊ូ បាញ់អាល់កុល ឬជែលសម្លាប់មេរោគ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងមេរោគដ៏កាចសាហាវនេះ។
ឯកឧត្តមបានណែនាំដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់សកម្មភាពប្រើប្រាស់ឧបកណ៍ល្មើសច្បាប់នានា និងមានវិធានការការពារ ថែរក្សាមច្ឆជាតិទាំងអស់គ្នា ដើម្បីកំណើនត្រីកើនឡើង សម្រាប់ទៅថ្ងៃអនាគត។ ឯកឧត្តមបានលើកទឹកចិត្តដល់ពុកម៉ែប្រជាពលរដ្ឋ ត្រូវចូលរួមសហការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសជលផល ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងព័ត៌មានសរុប ដើម្បីភាពសុខសាន្តរបស់យើង។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកអំណោយផ្ទាល់ដៃ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ទាំង៣ទីតាំងផ្សេងគ្នា ដោយក្នុងមួយគ្រួសារៗទទួលបានសារុង១ ដោយឡែកកូនក្មួយតូចៗ ក៏ទទួលបាននំស្រួយលីលី ជាអាហារសម្រន់ផងដែរ៕
Ti Amo (ពស)