(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានលើកឡើងថា ស្រុកក្រគរ គឺជាស្រុកអាទិភាពមួយ ក្នុងខេត្តពោធិ៍សាត់ ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ បានខិតខំគៀងគរអ្នកវិនិយោគជាច្រើន ដើម្បីអភិវឌ្ឍន៍ បង្កើតទីផ្សារការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានរោងក្រកាត់ដេរ, រោងចក្រតម្លើងត្រង់ស្វូរ សូឡា... ហើយថ្មីៗនេះជាកិត្តិយសបំផុតសម្រាប់ខេត្តយើង ដែលបានទទួល នូវការវិនិយោគដ៏ធំ ទៅលើការផ្គុំ និងតម្លើងរថយន្ត របស់ក្រុមហ៊ុនផលិតរថយន្ត Ford។
ឯកឧត្តមបានលើកឡើងបែបនេះ នៅបរិវេណសាលាបឋម និងអនុវិទ្យាល័យកំពង់លួង ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត មកប្រគល់ជូនបងប្អូនពុកម៉ែប្រជានេសាទ ទាំង៥ភូមិ ចំនួន១០២៥គ្រួសារ រស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងឃុំកំពង់លួង ស្រុកក្រគរ ដែលជួបកង្វះខាតស្បៀង ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ និងក្នុងរដូវបិទនេសាទ ដែលកិច្ចការនេះត្រូវបានអនុវត្តតាមវិធានការសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល ដោយសារពួកគាត់បានចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នា។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តម កែវ រតនៈ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ដែលកន្លងមកសម្តេច និងឯកឧត្តម តែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ដោយសារពួកគាត់ទទួលរងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩ និងក្នុងរដូវបិទនេសាទ មិនអាចចេញទៅប្រកបមុខរបរបាន។ ឯកឧត្តមបានថ្លែងទៀតថា ស្រុកក្រគរ គឺជាស្រុកមួយដែលអាទិភាពខ្ពស់ជាងបណ្តាស្រុកក្រុងដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារថ្នាក់ជាតិ បានខិតខំគៀងគរអ្នកវិនិយោគជាច្រើន ដើម្បីអភិវឌ្ឍន៍ បង្កើតទីផ្សារការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានរោងក្រកាត់ដេរ, រោងចក្រតម្លើងត្រង់ស្វូរ សូឡា... ហើយថ្មីៗនេះជាកិត្តិយសបំផុតសម្រាប់ខេត្តយើង ដែលបានទទួល នូវការវិនិយោគដ៏ធំ របស់សហរដ្ឋអាមេរិក ទៅលើការផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុនផលិតរថយន្ត Ford។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈក្រុមការងារ និងអាជ្ញាធរខេត្ត បានរៀបចំសំណើគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ជូនដល់ប្រជានេសាទ ក្នុងឃុំកំពង់លួង ប្រមាណ៩៨៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានដីកសិកម្ម និងដីលំនៅដ្ឋានចំនួន១,៥ហិកតា ត្រង់ចំណុច «ដំបូក១០០» ស្ថិតក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីឱ្យពួកគាត់ធ្វើការបម្លាស់ទីពីការរស់នៅលើផ្ទៃទឹក មករស់នៅដីគោកវិញ។ ជាមួយគ្នានោះ ឯកឧត្តមបានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ចូលមករស់នៅលើដែលបានចែកជូន ដោយខិតខំប្រកបមុខ ចិញ្ចឹមសត្វ និងដាំដុះដំណាំផ្សេង លើដីនេះឱ្យអស់លទ្ធភាព ក្នុងករណីខ្វះខាតវត្ថុធាតុដើម ក្រុមការងារនឹងជួយដោះស្រាយទៅតាមតម្រូវការជាក់ស្តែង។ ហើយអ្វីដែលសំខាន់នោះ សូមឱ្យរក្សាដីដែលបានចែកជូននេះ ឱ្យបានគង់វង្ស យូរអង្វែង តកូនតចៅ ដែលជាសេចក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំយើង។
ឯកឧត្តមសូមផ្តាំផ្ញើដល់បងប្អូនប្រជានេសាទ សូមបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ឱ្យបានឆាប់រហ័ស ព្រមទាំងជម្រុញដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយកុមារ ចាប់ពីអាយុ ៦ ដល់ក្រោម១២ឆ្នាំ ត្រូវមកទទួលវ៉ាក់សាំងដូសបន្ថែម ដើម្បីឈានទៅបើកសាលារៀនឡើងវិញទូទាំងប្រទេស។
អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ដែលត្រូវប្រគល់ជូនប្រជានេសាទ ទាំង៥ភូមិ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ចំនួន១០២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ និងទឹកត្រី១យួរ៕
Ti Amo (ពស)