(ពោធិ៍សាត់)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិកាគណបក្សខេត្ត និងថ្នាក់ដឹកនាំមួយចំនួនទៀត នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ទៅចែកជូនគ្រួសារបក្ស មកពីឃុំប្រម៉ោយ ឃុំអន្លង់រាប និងឃុំក្រពើពីរ សរុបប្រមាណ៦០០គ្រួសារ នៅបរិវេណស្នាក់ការគណបក្សស្រុកវាលវែង។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអំពើល្អគ្រប់បែបយ៉ាង តាមរយៈការបម្រើប្រជាពលរដ្ឋ ព្រមទាំងបានកសាង អភិវឌ្ឍន៍ និងរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ រកសន្តិភាព ការពារសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋបានរស់នៅសុខសាន្តតទៅ។ ការជួបគ្នានេះដែរ គឺចង់បង្ហាញមុខថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ថ្មី គឺឯកឧត្តម ជាវ តាយ ជូនក្រុមការងារ និងគ្រួសារបក្សទាំងអស់ បានស្គាល់ឱ្យកាន់តែច្បាស់ ងាយស្រួលក្នុងការប្រាស្រ័យទាក់ទង និងជួយគ្នាដោះស្រាយបញ្ហាប្រឈម ដែលនៅកកស្ទះបន្ថែមទៀត។
ឯកឧត្តម ស៊ុយ សែម បានឱ្យដឹងថា ថ្នាំគ្រាប់របស់ចិន ប្រភេទ(LIANHUA QINGWEN JIAONANG) ដែលត្រូវចែកជូននាឱកាសនេះ គឺទទួលបានមកពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដែលបាននាំយកមកប្រគល់ជូនឯកឧត្តម ក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមបានសន្យានឹងយកថ្នាំគ្រាប់ទាំងអស់នេះ ទៅចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ជាក់ស្តែងនាថ្ងៃនេះ គ្រួសារបក្ស មកពីឃុំចំនួន០៣ ចំនួន៦០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានថ្នាំគ្រាប់របស់ចិន ចំនួន០៣ប្រអប់ ស្មើនឹង០៦បន្ទះស្មើៗគ្នា សម្រាប់ព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ក្នុងករណីសង្ស័យឆ្លងជំងឺកូវីដ១៩។
ឯកឧត្តមបានឱ្យដឹងទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានចក្ខុវិស័យវែងឆ្ងាយណាស់ ក្នុងការទទួលស្គាល់វ៉ាក់សាំងរបស់ចិន ក៏ដូចជាវ៉ាក់សាំងបណ្តាប្រទេសជាមិត្តនានា ដោយបានទិញផង និងទទួលជំនួយផង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ និងចៅៗសិស្សានុសិស្សពេញផ្ទៃប្រទេស ឈានទៅបើកដំណើរការសេដ្ឋកិច្ចប្រទេស និងសាលារៀនឡើងវិញ។ ពិតណាស់ថា អ្នកដែលបានទទួលវ៉ាក់សាំងហើយ ទោះបីជាមានការឆ្លង ក៏មិនធ្វើឱ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតឡើង ដោយឡែកចំពោះអ្នកមិនទាន់ទទួលវ៉ាក់សាំង គឺប្រឈមខ្ពស់ដល់អាយុជីវិត ដូច្នេះហើយសូមធ្វើការណែនាំបន្តដល់អ្នកទាំងនោះ ឱ្យឆាប់រួសរាន់មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង នៃជំងឺដ៏កាចសាហាវនេះ។ ជាមួយគ្នានោះ មិនមែនមានន័យថា ថ្នាំគ្រាប់របស់ចិន អាចព្យាបាលជំងឺកូវីដ១៩ បាន១០០%នោះទេ កត្តាសំខាន់គឺយើងត្រូវរៀនរស់ជាមួយគន្លងថ្មី និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ, ៣កុំ» របស់រាជរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តមក៏បានផ្តាំផ្ញើ និងជម្រុញ ដល់សមាជិក សមាជិកាបក្សទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ៕
Ti Amo (ពស)