រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ភ្ញៀវទេសចរជាង៥ម៉ឺននាក់ បានមកលេងខេត្តពោធិ៍សាត់ ក្នុងពេល៣ថ្ងៃ នៃបុណ្យអុំទូក, ផ្លូវបុប្ឆាលាក់ខ្លួន (ភ្នំ១៥០០) មានអ្នកទៅទស្សនាច្រើនជាងគេ

  • 973
  • ដោយ Admin

(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរសរុប ៥៣,៨០២នាក់ បានធ្វើដំណើរមកទស្សនាកម្សាន្ត នៅខេត្តពោធិ៍សាត់ ក្នុងនោះតំបន់ដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺផ្លូវបុប្ឆាលាក់ខ្លួន (ភ្នំ១៥០០), រីសតតាលោសែនជ័យ និងកោះសំពៅមាស។

លោក សំ​ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា រយៈពេល៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងខេត្កពោធិ៍សាត់ បានទទួលភ្ញៀវទេសចរជាតិសរុប ៥៣,៨០៦នាក់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ក្នុងឆ្នាំ២០២០កន្លងទៅ មានការកើនឡើង ៥៩៤.៤៥% (ភ្ញៀវឆ្នាំ២០២០ ចំនួន៧,៧៤៨នាក់)។

លោកប្រធានមន្ទីរបន្តថា នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវចំនួន ៩,៥៦៦នាក់, ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវចំនួន ២១,៣១១នាក់ និងថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវចំនួន២២,៩២៥នាក់។ ដោយឡែកភ្ញៀវទេសចរអន្តរជាតិ មានចំនួនតែ៤នាក់ប៉ុណ្ណោះ។

លោក សំ ឃីម បន្ថែមថា មន្ទីរនៅតែបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា(SOP) តាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ៕

Ti Amo (ពស)

អត្ថបទទាក់ទង