(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអនុវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារ ប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ ដោយមានការចូលរួមពី លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មការ, លោកនាយករដ្ឋបាលស្តីទី, លោកប្រធានមន្ទីរមុខងារសាធារណៈ និងលោកអភិបាលស្រុកតាលោសែនជ័យ។
បើតាម លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត បានឱ្យដឹងថា រៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីក្រមការ ឱ្យចូលបម្រើការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ សម្រាប់ឆ្នាំ២០២០នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ និងដោយសារតែប្រជាពលរដ្ឋគ្រប់រូប បានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ លោក ចេង ឡៃ បន្តថាកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសផងដែរ ពីការបើកដំណើរការប្រទេសឡើងវិញ ក្រោយពីបានផ្អាកមួយរយៈធំ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ ការប្រឡងនេះ គឺអនុឡោមទៅតាម ស.ជ.ណ លេខ៤៦៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរៀបចំ ការប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ សម្រាប់ការប្រឡងនាព្រឹកនេះ គឺមានរយៈពេល០២ម៉ោង ចាប់ពីម៉ោង០៧ និង៣០នាទី ដល់ម៉ោង០៩ និង៣០នាទីព្រឹក លើវិញ្ញាសារជំនាញឯកទេសនិងភាសារអង់គ្លេស។ ចំពោះបេក្ខជន និងបេក្ខនារី ដាក់ពាក្យប្រលង មានចំនួន៩៧រូប ជ្រើសរើសយក០៧រូប ដោយចែកចេញជា១៣បន្ទប់ ក្នុងមួយបន្ទប់ មានបេក្ខជន និងបេក្ខនារី១៣រូប។
ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត, ឯកឧត្តម ជាវ តាយ សូមឱ្យបេក្ខជន និងបេក្ខនារី ត្រូវអនុវត្តតាមការណែនាំ របស់គណៈមេប្រយោគ និងអនុរក្ស ដោយរក្សារបៀបរៀបរយ និងភាពស្ងៀមស្ងាត់ក្នុងពេលប្រឡង កុំលួចចម្លងគ្នា និងត្រូវគោរពតាមវិធាន របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម បានបញ្ជាក់ថា ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ «បើចេះគឺជាប់ បើមិនចេះគឺធ្លាក់, យើងអត់មានបង្កើតអំពើពុករលួយណាមួយ, ស៊ីសំណូក, បក្ខពួកគ្រួសារនិយម ដើម្បីឱ្យជាប់ទោសទាន់នោះទេ គឺពឹងផ្អែកតាមសមត្ថភាពរបស់ខ្លួន»។ ឯកឧត្តម សូមជូនពរឱ្យក្មួយៗបេក្ខជន និងបេក្ខនារីទាំងអស់ មានសំណាងល្អ ប្រឡងជាប់ ដើម្បីបានចូលបម្រើការងារជាមន្ត្រីរាជការពេញសិទ្ធិ នៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ៕
Ti Amo (ពស)