(ពោធិ៍សាត់)៖ ក្នុងនាមគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង និងដោយឥតងាករេ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ គាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត តាមរយៈការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានសិក្សារៀនសូត្រជ្រៅជ្រះ ខ្ពង់ខ្ពស់ មានសមត្ថភាពទាំងផ្នែករដ្ឋបាល សេដ្ឋកិច្ច ការទូត យោធា សង្គម និងមនុស្សធម៌ មានទេពកោសល្យ ដឹកនាំការងារយុវជន និងរៀមច្បង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានមនសិកាស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ ដោយបានតម្កល់ទុកឧត្តមប្រយោជន៍ជាតិជាធំ អាចរក្សាការពារបាននូវសុខសន្តិភាពពេញលេញ បូរណភាព ទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ការប្រកាន់ខ្ជាប់ឥតងាករេ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ និងអាចដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយសន្តិភាព ប្រកបដោយភាពសម្បូរសប្បាយ រុងរឿង និងការអភិវឌ្ឍជានិច្ចនិរន្តន៍តរៀងទៅ។
ជាថ្មីម្តងទៀត ខ្ញុំបាទ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹង និងដោយមិនងាករេ ចំពោះប្រសាសន៍ គាំទ្រប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕