(ពោធិ៍សាត់)៖ អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ប្រមាណជា៥០០អំពូល រួមនឹងភ្លើងលម្អចម្រុះព័ណ៌នៅតាមបង្គោលភ្លើងនីមួយៗ ត្រូវបានរៀបចំតម្លើងរួចរាល់ នៅតាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ សម្រាប់ជំហាន១ ដើមី្បធ្វើឱ្យទីប្រជុំជនក្រុងមានសោភ័ណភាពកាន់តែស្រស់ត្រកាល ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្រោយពីស្ថានភាពកូវីដ១៩បានធូរស្បើយ។
ការសម្រេចរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈខាងលើនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម ជាវ តាយ បានចូលមកកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពោលគឺក្រោយថ្ងៃប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១មកម្ល៉េះ។
បើតាមឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា គិតចាប់តាំងពីឯកឧត្តមបានមកចូលកាន់មុខតំណែងថ្មី ជាអភិបាលគ្រប់គ្រងខេត្តពោធិ៍សាត់ បានជាង៥០ថ្ងៃមកនេះ ឯកឧត្តមមានចក្ខុវិស័យ ចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវសាធារណៈ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសមិទ្ធផលផ្សេងៗដ៏ទៃទៀត។ បច្ចុប្បន្នអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ប្រមាណជា៥០០អំពូលហើយ ត្រូវបានតម្លើងរួចរាល់ សម្រាប់ជំហាន១ រួមទាំងភ្លើងលម្អចម្រុះព័ណ៌ជាច្រើនទៀត ក៏ត្រូវបានរៀបចំតម្លើងនៅតាមបង្គោលភ្លើង តាមផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ផងដែរ។
ឯកឧត្តមបានឱ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសជំនាញ បាននឹងកំពុងបន្តរៀបចំបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ សម្រាប់ជំហាន២បន្ថែមទៀត ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់ មានភាពទាក់ទាញ និងស្រស់បំព្រង ហើយប្រជាពលរដ្ឋក៏អាចប្រកបមុខរបររកស៊ី និងធ្វើដំណើរនាពេលយប់ក៏បាន ដោយគ្មានការភ័យខ្លាច។ ចំពោះបញ្ហាប្រព័ន្ធផ្លូវក្នុងក្រុងពោធិ៍សាត់ឯណោះវិញ ឯកឧត្តមបាននឹងកំពុងជម្រុញបន្ថែមដល់ក្រុមការងារអន្តរក្រសួង និងក្រុមហ៊ុនគិរីដងរ៉ែក ដែលទទួលម៉ៅការ ធ្វើយ៉ាងណាពន្លឿនការស្ថាបនាសាងសង់ ឱ្យបានមុនឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រៃពីណីជាតិខ្មែរខាងមុខ។
បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់ បានស្ញោចសរសើរមិនដាច់ពីមាត់ ចំពោះគោលគំនិតច្នៃប្រឌិត របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អចម្រុះព័ណ៌ ហើយពួកគេបានប្តេជ្ញានឹងបន្តថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីជាប្រយោជន៍រួម និងចូលរួមថែរក្សាតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានការអភិវឌ្ឍន៍រីកចម្រើនមកដល់ពីនេះ៕
Ti Amo (ពស)
default default default