(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ចុះពិនិត្យស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ប្រតិភូក៏បានបើកកិច្ចប្រជុំពិភាក្សាការងារ ប្រមូលធាតុចូល ជាមួយថ្នាក់ដឹកនាំ ក្រុមការងារចុះជួយខេត្ត អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ដោយបានដាក់ចេញផែនការ និងវិធានការ ចំនួន៧ចំណុចដូចខាងក្រោម៖
១-ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ចប់ការពិនិត្យបញ្ជាក់ លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២-ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
៣-ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន។
៤-កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។
៥-ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹក ដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦-ចំពោះប្រជាពលរដ្ឋ ដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧-ការដាំដើមឈើឡើងវិញ ផ្តល់អាទិភាពលើការដាំដើមឫស្សី។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ១៩៧អនក្រ.បក បានកំណត់បង្កើតដែនព្រៃលិចទឹក ដែលហៅថា(តំបន់៣) នៅតាមខេត្តចំនួន៦ ស្ថិតនៅជាប់ជុំវិញបឹងទន្លេសាប ដែលមានផ្ទៃដីសរុបទំហំ៦៤៧,៤០៦ហិកតា មានចំនួន៨០២ចំណុច។ សម្រាប់ខេត្តពោធិ៍សាត់ ដីតំបន់៣ មានទំហំ៩៤០៤២ហិកតា ស្មើនឹង១៥% នៃផ្ទៃដីតំបន់៣សរុប និងមានចំនួន៧៦ចំណុច ក្នុងភូមិសាស្រ្តស្រុកចំនួន៣រួមមាន៖ ស្រុកបាកាន ចំនួន៣០ចំណុច, ស្រុកកណ្តៀង ចំនួន២០ចំណុច និងស្រុកក្រគរ ចំនួន២៦ចំណុច។ តាមការស្រាវជ្រាវបឋម រកឃើញមានការទន្ទ្រានដីរដ្ឋ ក្នុងតំបន់៣ មានចំនួន៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើផ្ទៃដីប្រមាណ៤៤៣៤,០៧ហិកតា ស្ថិតនៅក្នុងស្រុកទាំង៣ ក្នុងនោះមាន៖ «ស្រុកបាកាន មានប្រជាពលរដ្ឋសរុបចំនួន៣៤៩គ្រួសារ ចំនួន២០ទីតាំង ៨ភូមិ ស្មើ១០២២,៦៨ហិកតា នៅក្នុងឃុំចំនួន៣ គឺឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង។ ស្រុកកណ្តៀង មានប្រជាពលរដ្ឋសរុបចំនួន៦៦២គ្រួសារ ចំនួន១៩ទីតាំង ១២ភូមិ ស្មើ១៨៦៤ហិកតា នៅក្នុងឃុំចំនួន៥ គឺឃុំស្រែស្តុក ឃុំកណ្តៀង ឃុំស្យា ឃុំកញ្ជរ និងឃុំរាំងទិល។ ស្រុកក្រគរ មានប្រជាពលរដ្ឋសរុបចំនួន៩១០គ្រួសារ ចំនួន២៨ទីតាំង ១៧ភូមិ ស្មើ១៥៤៧,៦ហិកតា ក្នុងឃុំចំនួន៧ គឺឃុំអន្សាចំបក់ ឃុំក្បាលត្រាច ឃុំកំពង់លួង ឃុំអន្លង់ត្នោត ឃុំស្នាអន្សា ឃុំអូរសណ្តាន់ និងឃុំកំពង់ពោធិ៍»។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវ នៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់៕
Ti Amo (ពស)