(ពោធិ៍សាត់)៖ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការ៧ចំណុចឱ្យក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលខេត្តពោធិ៍សាត់ សហការរួមគ្នាបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការ៧ចំណុចចំពោះមុខដូចខាងក្រោម៖
១៖ រដ្ឋបាលខេត្តពោធិ៍សាត់ត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២៖ រដ្ឋបាលខេត្តពោធិ៍សាត់ត្រូវចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
៣៖ ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
៤៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។
៥៖ ក្រសួងធនធានទឹក និងឧតុនិយមត្រូវទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦៖ ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្ទើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧៖ ការដាំដើមឈើឡើងវិញ ផ្តល់អាទិភាពលើការដាំដើមឫស្សី៕
ខាងក្រោមនេះជាលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលផ្ញើជូនឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង និងប្រធានស្ថាប័នពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្តពោធិ៍សាត់៖