(ពោធិ៍សាត់)៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា យើងត្រូវរួមគ្នាខិតខំសម្រេចឱ្យបាននូវគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោ និងប្តេជ្ញាអនុវត្តទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ «ប្រជាជនរស់នៅតាមទីក្រុង និងទីប្រជុំជន នឹងទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត៩០% ដល់ឆ្នាំ២០២៣ និង១០០% ក្នុងឆ្នាំ២០២៥ខាងមុខ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាផលិតកម្ម និងសេវាកម្មនានា រយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងឯកជន»។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានរួមគ្នាបើកការដ្ឋានគម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ នៅបរិវេណទីតាំងការដ្ឋាន ដែលស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
បន្ទាប់ពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងចាត់ទុកគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតមានក្នុងទឹកដីខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខនោះរួចមក, ឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គម្រោងនេះ គឺជាហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់ចំនួន ២,៤ ប៊ីលានយ៉េន ស្មើប្រមាណ២២,២លានដុល្លារអាមេរិក។ ប្រទេសជប៉ុនបាននឹងកំពុងមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា លើច្រើនវិស័យ ហើយឯកឧត្តមជឿជាក់ថាកិច្ចសហប្រតិបត្តិការរបស់យើងទាំងអស់ បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ កិច្ចសហប្រតិបត្តិការលើវិស័យផ្គត់ផ្គង់ទឹកស្អាត មានភាពលេចធ្លោ ដោយផ្អែកទៅលើប្រវត្តិដ៏យូរលង់ និងការចូលរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា តាមកម្មវិធីការងារសាងសង់ របស់ក្រុមហ៊ុនម៉ៅការ គម្រោងនេះត្រូវចាប់អនុវត្តពីខែសីហា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅដំណាច់ខែសីហាឆ្នាំ២០២៣។ នេះគឺជាសមិទ្ធផលនៃការអភិវឌ្ឍន៍ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យទឹកស្អាតដ៏ធំ និងថ្មីបន្ថែមទៀត នៅខេត្តពោធិ៍សាត់ ក្រោមកម្មវិធីជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីគម្រោងផ្លាស់ប្ដូរបណ្ដាញចាស់ និងពង្រីកបណ្ដាញថ្មី សម្រាប់អង្គភាពរដ្ឋាករទឹកខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលបានបញ្ចប់ដោយជោគជ័យ នៅក្នុងខែមិថុនាឆ្នាំ២០១៣កន្លងទៅ។ គម្រោងនេះនឹងជួយពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់បន្ថែម ដល់អង្គភាពរដ្ឋាករទឹកខេត្តពោធិ៍សាត់ ចំនួន៦,៦០០ម៉ែតគូបក្នុងមួយថ្ងៃ បន្ថែមពីលើសមត្ថភាពផលិតដែលមានស្រាប់នាពេលបច្ចុប្បន្ន និងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងពោធិ៍សាត់ ប្រមាណ៨៦%ក្រោយពេលបញ្ចប់គម្រោង។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសប្រជាជននៅក្រុងពោធិ៍សាត់ ឯកឧត្តម ចម ប្រសិទ្ធ បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចជាកាលតែងតែបានផ្ដល់នូវជំនួយឥតសំណងដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ប្រជាជនកម្ពុជា ក្នុងន័យចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា លើកកម្ពស់សុខមាលភាព និងការកាត់បន្ថយភាពក្រីក្រ ជាក់ស្ដែងដូចការអភិវឌ្ឍន៍គម្រោង ដែលយើងកំពុងរៀបចំពិធីបើកការដ្ឋាននាពេលនេះ ជាភស្ដុតាងស្រាប់។ ឯកឧត្តមសូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងឧត្តមភាពកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) រឹងមាំស្ថិតស្ថេរជាអមតៈ៕
Ti Amo (ពស)