រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំវាយតម្លៃថ្លៃអចលនៈទ្រព្យប្រចាំឆ្នាំ សម្រាប់គិតអត្រាពន្ធ លើការផ្ទេរកម្មសិទ្ធដីធ្លី ទូទាំងខេត្តពោធិ៍សាត់

  • 361
  • ដោយ Admin

(ពោធិ៍សាត់)៖ អង្គភាពសាខាពន្ធដារខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃថ្លៃអចលនទ្រព្យប្រចាំឆ្នាំ សម្រាប់គិតអត្រាពន្ធលើការផ្ទេរកម្មសិទ្ធិ នៅទូទាំងខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលក្រុងស្រុកទាំង៧ ប្រធាន អនុប្រធានសាខាពន្ធដារខេត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានភូមិបាលក្រុងស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៤៩ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ជាវ តាយ បានលើកឡើងថា យើងជួបប្រជុំគ្នាថ្ងៃនេះ ដើម្បីពិនិត្យអំពីតម្លៃដី នៅក្នុងភូមិសាស្ត្រនីមួយៗ តាមទីប្រជុំជន  ដែលអង្គភាពសាខាពន្ធដាខេត្តយើង បានលើកសំណើរមករដ្ឋបាលខេត្ត ជាពិសេសដើម្បីកំណត់សារឡើងវិញ នូវតម្លៃសវៈនករ  ដើម្បីកំណត់យកពន្ធប្រថាប់ត្រានៅពេលខាងមុខនេះ និងពន្ធផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងអចលនៈទ្រព្យ។ កិច្ចការទាំងនេះ ពិតសំខាន់ណាស់បើយើងវាយតម្លៃមិនត្រូវ  ធ្វើឱ្យប្រឈមទៅនឹងប្រជាពលរដ្ឋ បើតម្លៃសមរម្យទីផ្សារដែលអាចទទួលយកបាន វាជាការប្រមូល ដើម្បីជួយដល់ថវិកាជាតិ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែលើកឡើងជារឿយៗ ឱ្យតាមបណ្ដាខេត្ត ត្រូវខិតខំប្រមូលពន្ធ តាមរយៈអង្គភាពសាខាពន្ធដារ សាខាគយ និងរដ្ឋាករខេត្ត និងប្រភពផ្សេងៗមួយចំនួនទៀត ដើម្បីយកមកអភិវឌ្ឍខេត្ត។ បើខេត្តមិនប្រមូលបានថវិកាច្រើនទេនោះ គម្រោងប្រចាំឆ្នាំនីមួយៗ ដែលយើងការពារ  មិនទទួលបានជោគជ័យនោះទេ។ យើងត្រូវប្រមូលថវិកា លើគ្រប់វិស័យ មិនថាតែផ្នែកអចលនៈទ្រព្យមួយទេ ហើយក៏មិនមែនមានន័យថា ទៅគៀបសង្កត់ប្រជាពលរដ្ឋនោះដែរ ប៉ុន្តែយើងត្រូវឆ្លុះបញ្ចាំង អំពីការប្រមូលចំណូលនេះ ដើម្បីឱ្យទទួលបានជោគជ័យ យកមកអភិវឌ្ឍខេត្ត ទៅលើវិស័យផ្សេងៗ។

មន្ត្រីជំនាញអង្គភាពសាខាពន្ធដារ បានលើកឡើង និងធ្វើបទបង្ហាញអំពីការកំណត់តម្លៃដី នៅតាមទីប្រជុំជន និងតាមដងផ្លូវនានា  ដែលត្រូវបង់ពន្ធប្រថាប់ត្រាប្រចាំឆ្នាំ ដោយមានមតិចូលរួមកែសម្រួល ពីលោកអភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់នីមួយៗផងដែរ។

ឯកឧត្តម ជាវ តាយ បានឱ្យអង្គភាពសាខាពន្ធដាខេត្ត ត្រូវរៀបចំតារាងឧបសម្ព័ន្ធថ្មី បញ្ជូនទៅក្រុងស្រុកទាំងអស់ ហើយក្រុងស្រុកនីមួយៗ ត្រូវហៅឃុំសង្កាត់ប្រជុំឡើងវិញ ដើម្បីបញ្ជាក់អំពីពន្ធប្រថាប់ត្រា ដែលបានកែសម្រួល ក្នុងអង្គប្រជុំនេះឱ្យបានច្បាស់លាស់ ចៀសវាងមិនបានផ្ទៀងផ្ទាត់គ្នា នាំឱ្យមានការប្រកែកគ្នា។ ការកំណត់ពន្ធថ្មីនេះ ក្រោយពីសាខាពន្ធដារខេត្ត រៀបចំឯកសារហើយ  ខេត្តនឹងចុះហត្ថលេខាបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ដើម្បីធ្វើការសម្រេចឯកភាព ទៅលើអ្វីដែលមានក្នុងកិច្ចប្រជុំនេះ។

ឆ្លៀងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បណ្តាស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ត្រូវដាំដើមត្នោតនៅតាមព្រំប្រទល់ដីតំបន់៣ទាំងអស់ តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យបានជាដាច់ខាត ដើម្បីការពារព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាបយើងឱ្យនៅគង់វង្ស៕

Ti Amo (ពស)

អត្ថបទទាក់ទង