រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញប្រកាសតែងតាំងលោក ណារ៉ា ចំរើន ជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ឃុត ឧសភា ដែលត្រូវផ្ទេរភារកិច្ច ទៅបំពេញការងារនៅខេត្តកំពត

  • 667
  • ដោយ Admin

(ពោធិ៍សាត់) ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត​ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងលោក ណារ៉ា ចំរើន ជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ឃុត ឧសភា ដែលត្រូវផ្ទេរភារកិច្ច ទៅបំពេញការងារនៅខេត្តកំពត។

ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើឡើងព្រមគ្នា ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមប្រកាសលេខ ៣១៥៦ប្រក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សម្រេចតែងតាំងលោក ណារ៉ា ចំរើន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែង ជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាស ស្តីពីការតែងតាំងមន្ត្រីរាជ ជូនអង្គពិធីបានស្តាប់នោះរួចមក ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តម ម៉ក់​ រ៉ា ក៏បានផ្តាំផ្ញើដល់លោក ណារ៉ា ចំរើន ដែលទើបទទួលបានការតែងតាំងថ្មី ជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ មានចំនួន៦ចំណុចធំៗ ដូចខាងក្រោម៖

១-គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អ ជាស្នូល។

២-គោរព និងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ពីព្រោះនាយករដ្ឋបាលជាសេនាធិការ ឱ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។

៣-យកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាព មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ទាំងនៅសាលាខេត្ត សាលាក្រុង ស្រុក ដើម្បីធានាឱ្យដំណើរការអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេវាសាធារណៈ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។

៤-គោរព និងប្រតិបត្តិតាមគោលការណ៍ដឹកនាំ ចង្អុលបង្ហាញ របស់ក្រសួង ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើជាត្រីវិស័យ ក្នុងការពង្រឹងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងារ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន។

៥-ត្រូវស្មោះត្រង់ជាមួយថ្នាក់ដឹកនាំផ្ទាល់ដែលខ្លួនរស់នៅជាមួយ ដោយមានឆន្ទៈ មនសិកាពិតប្រាកដ បម្រើជាតិ និងប្រជាពលរដ្ឋ។

៦-ខិតខំពង្រឹង និងថែរក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយលើកកម្ពស់ការទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព សំដៅដល់ជំនឿទុកចិត្ត ជូនមហាជនទូទៅ លើការបំពេញការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត៕

Ti Amo (ពស)

អត្ថបទទាក់ទង