(ពោធិ៍សាត់)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានា របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលបានផ្តល់ជូនឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
លោកជំទាវ បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង និងសមិទ្ធិផលនានាជាច្រើនទៀត នៅក្នុងសាលាបឋមសិក្សាអំពួច ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈអធិបតី សប្បុរសជន និងភ្ញៀវកិត្តិយសជាច្រើនកុះករ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត បានថ្លែងថា ការចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបាន ចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាល ចាត់ទុក្ខវិស័យអប់រំ ជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឱ្យកៀកនឹងទីក្រុង។
លោកជំទាវ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក។ អគារសិក្សា១ខ្នង រួមជាមួយសមិទ្ធផលនានាជាច្រើន នៅក្នុងសាលាបឋមសិក្សាអំពួច បានចំណាយថវិកាសរុបជាង ១៣ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ រួមជាមួយសប្បុរសជនគ្រប់ជាន់ថ្នាក់។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឱ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យ សីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។ លោកជំទាវក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ ប្រភេទអូមីក្រុង ដោយត្រូវបន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ទាំងអស់គ្នា។ លោកជំទាវ បានជំរុញបន្ថែមដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈ ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។
សមិទ្ធិផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងថ្ងៃនេះរួមមាន៖
ទី១-ទីចាត់ការ ១ខ្នង ទំហំ ១៦,៥ម៉ែត្រ X ៧,១០ម៉ែត្រ
ទី២-សាលារៀន ១ខ្នង ៦បន្ទប់ ទំហំ ៩ម៉ែត្រ X ៤៨ម៉ែត្រ និងបំពាក់ដោយសម្ភារៈសម្រាប់សិស្ស និងគ្រូ
ទី៣-ក្លោងទ្វារ និងរបងថ្មព័ទ្ធជុំវិញសាលារៀន ដែលមានប្រវែង ៥៥២ម៉ែត្រ ស្មើនឹង១៨២ចន្លោះ
ទី៤-អណ្តូងទឹកស្នប់ ១
ទី៥-ដងទង់ជាតិ ១៕
Ti Amo (ពស)