(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគារដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង ស្រុក និងមន្ត្រីចំណុះឱ្យរដ្ឋបាលខេត្តមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំខាងលើនេះ មានចំនួន១២ចំណុចសំខាន់ៗ រួមមាន៖
ទី១-មតិបើកកិច្ចប្រជុំ ដោយឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត
ទី២-ពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការសម្រួលសមាសភាព គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ទី៣-ពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ទី៤-ពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ទី៥-អានសេចក្តីជូនដំណឹងលេខ ២៥៧៤សជណ របស់ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចសហការ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង៖ ២៧ ធ្នូ ២០២១
ទី៦-អានសេចក្តីណែនាំលេខ ៦១អយក.សណន របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ដីពីការអនុវត្តភារកិច្ច របស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ទី៧-ពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មការការពារសុវត្ថិភាពមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តពោធិ៍សាត់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១
ទី៨-សេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក,បញ្ហាគ្រឿងញៀន, ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសហភាពណ៍ការសន្តិសុខព្រំដែនកម្ពុជា-ថៃ
ទី៩-សេចក្តីរាយការណ៍ របស់លោកអភិបាលក្រុង ស្រុក
ទី១០-មតិចូលរួមរបស់សមាជិកអង្គប្រជុំ
ទី១១-បញ្ហាផ្សេងៗ (ការដោះស្រាយបញ្ហាប្រឈមប្រជាពលរដ្ឋ, ការងារបទល្មើសនានា, ការងារសំរាម, ការងារដីព្រៃលិចទឹកតំបន់៣ និងការងារដាំដើមឈើស្តារឡើងវិញ នៅលើផ្ទៃដីតំបន់៣ ដែលរងការទន្ទ្រាន)
ទី១២-មតិបូកសរុប ដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៕
Ti Amo (ពស)