រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋលេខាធិការក្រសួង ដ.ន.ស និងអភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល របស់ក្រុមការងារ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិច ទឹកបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់, ក្រុមការងារបានធ្វើបច្ចុប្បន្នភាព ផ្ទៃដីទន្ទ្រានបានជាង៥ពាន់ហិកតា

  • 511
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន របស់ក្រុមការងារ និងអនុក្រុមការងារ ក្នុងការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាមូលដ្ឋានដែលជាប់នឹងផ្ទៃទឹកបឹងទន្លេសាបជាច្រើនរូបទៀត។

អង្គប្រជុំបានពិភាក្សា និងឯកភាព បន្តសំអាតទិន្នន័យ និងព័ត៌មានដែលបានចុះពិនិត្យជាក់ស្តែងកន្លងមក, ធ្វើការបញ្ជាន់និន្នន័យដែលបានចុះពិនិត្យជាក់ស្តែង ធៀបទៅនឹងផែនទីរបស់អាជ្ញាធរទន្លេសាប ដោយអាជ្ញាធរទន្លេសាបនឹងរៀបចំផ្តល់ជូន ជាមួយនឹងក្រុមការងារជំនាញ មកធ្វើការជាមួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត, ក្រុមការងារតាមស្រុកគោលដៅ រៀបចំផែនការ និងចាត់ចែដាំគ្រាប់ត្នោត តាមស្រុកគោលដៅទាំង៣, មន្ទីរ ដ.ន.ស.ស ខេត្ត ត្រៀមជាស្រេច ដើម្បីចុះបញ្ជីដីព្រៃលិចទឹក តំបន់៣ របស់រដ្ឋ, មន្ទីរ ដ.ន.ស.ស ខេត្ត បន្តបង្ហោះដ្រូនតាមស្រុកគោលដៅទាំង៣ និងមន្ទីរធនធានទឹកបន្តដាំបង្គោលព្រំ តំបន់៣។

សូមបញ្ជាក់ថា ផ្ទៃដីដែនព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប ធ្វើការសម្រង់ និងស្រាវជ្រាវជាបឋម (ជំហាន១) ដោយរកឃើញអ្នកទន្ទ្រានដីរដ្ឋចំនួន១៩២១គ្រួសារ លើ៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើនឹងផ្ទៃដីប្រមាណ៤៤៣៤,០៧ហិកតា។ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ការធ្វើបច្ចុប្បន្នភាពសម្រង់ ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ជាក់ស្តែង (ជំហាន២) ក្រុមការងារបានចុះវាស់វែង រៀបចំផែនទីក្បាលដី និងបញ្ជីឈ្មោះប្រជាពលរដ្ឋអាស្រ័យផល ក្នុងតំបន់៣ មានចំនួន៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើផ្ទៃដីប្រមាណ៥០៦៨ហិកតា ស្មើនឹង១៩៦០ក្បាលដី ពាក់ព័ន្ធនឹង១៧២២គ្រួសារ ស្ថិតក្នុងស្រុកគោលដីទាំង៣ ក្នុងនោះមុនឆ្នាំ២០១២ មានទំហំ៣៥៥០ហិកតា ស្មើនឹង១៤៨៩ក្បាលដី ពាក់ព័ន្ធនឹង១២៦១គ្រួសារ និងក្រោយឆ្នាំ២០១២ មានទំហំ១៥១៩ហិកតា ស្មើនឹង៤៨០ក្បាលដី ពាក់ព័ន្ធនឹង៤៦១គ្រួសារ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់៕

Ti Amo (ពស)

អត្ថបទទាក់ទង