រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ផ្តល់គ្រាប់ពូជត្នោត ចំនួន១០ម៉ឺនគ្រាប់ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ដាំឡើងវិញ នៅក្នុងភូមិសាស្រ្តដីតំបន់៣

  • 482
  • ដោយ Admin

(ពោធិ៍សាត់)៖  គ្រាប់ពូជត្នោត ចំនួន១០០,០០០គ្រាប់ ត្រូវបានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់តំណាងឱ្យដឹកមកប្រគល់ជូន រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ធ្វើការដាំឡើងវិញ តាមស្រុកគោលដៅទាំង៣ ដែលមានការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ពិធីប្រគល់ទទួលគ្រាប់ពូជត្នោតខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅទល់មុខអគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ខូយ រីដា និងលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសប្បុរសជន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គ្រាប់ពូជត្នោត ទាំង១០០,០០០គ្រាប់ខាងលើនេះ ត្រូវបានបែងចែកយកទៅដាំ នៅស្រុកគោលដៅចំនួន៣ គឺស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ ដែលមានការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣) ដែលផ្ទៃដីទាំងនោះត្រូវបានដកហូតពីប្រជាពលរដ្ឋ រំលោភ និងកាប់ទន្រ្ទានដោយខុសច្បាប់ នាពេលកន្លងមក។

ឯកឧត្តម ជាវ តាយ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្ដល់ជូននូវ គ្រាប់ពូជត្នោតនេះ ដើម្បីរៀបចំដាំដុះស្តារឡើងវិញ។ ជាមួយគ្នានោះឯកឧត្តម បានបែងចែកគ្រាប់ពូជត្នោតទាំងអស់នោះ បន្តទៅស្រុកគោលដៅទាំង៣ និងចាត់ឱ្យក្រុមការងារ រៀបចំបើកយុទ្ធនាការដាំឡើងវិញនូវគ្រាប់ពូជត្នោតនេះ ក៏ដូចជាឈើផ្សេងៗដ៏ទៃទៀត នៅក្នុងតំបន់៣ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ផ្ទៃដីដែនព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប ធ្វើការសម្រង់ និងស្រាវជ្រាវជាបឋម (ជំហាន១) ដោយរកឃើញអ្នកទន្ទ្រានដីរដ្ឋចំនួន១៩២១គ្រួសារ លើ៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើនឹងផ្ទៃដីប្រមាណ៤៤៣៤,០៧ហិកតា។ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ការធ្វើបច្ចុប្បន្នភាពសម្រង់ ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ជាក់ស្តែង (ជំហាន២) ក្រុមការងារបានចុះវាស់វែង រៀបចំផែនទីក្បាលដី និងបញ្ជីឈ្មោះប្រជាពលរដ្ឋអាស្រ័យផល ក្នុងតំបន់៣ មានចំនួន៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើផ្ទៃដីប្រមាណ៥០៦៨ហិកតា ស្មើនឹង១៩៦០ក្បាលដី ពាក់ព័ន្ធនឹង១៧២២គ្រួសារ ស្ថិតក្នុងស្រុកគោលដីទាំង៣ ក្នុងនោះមុនឆ្នាំ២០១២ មានទំហំ៣៥៥០ហិកតា ស្មើនឹង១៤៨៩ក្បាលដី ពាក់ព័ន្ធនឹង១២៦១គ្រួសារ និងក្រោយឆ្នាំ២០១២ មានទំហំ១៥១៩ហិកតា ស្មើនឹង៤៨០ក្បាលដី ពាក់ព័ន្ធនឹង៤៦១គ្រួសារ៕

Ti Amo (ពស)

អត្ថបទទាក់ទង