រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ ចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តការដាំកូនឈើ (គ្រាប់ត្នោត) ក្នុងស្រុកគោលដៅចំនួន៣ នៃដែនព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ដពោធិ៍សាត់

  • 522
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តការដាំកូនឈើ (គ្រាប់ត្នោត) ក្នុងស្រុកគោលដៅចំនួន៣ នៃដែនព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្ដពោធិ៍សាត់ ដោយបែងចែកជា៣ផ្នែកធំៗគឺ ទី១-ការរៀបចំកម្លាំងដាំដុះ និងទទួលខុសត្រូវ ទី២-ការងារបច្ចេកទេសដាំដុះ និងទី៣-ការងារថែទាំ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទើបនឹងទទួលបាន។

សម្រាប់ការងាររៀបចំកម្លាំងដាំដុះ និងទទួលខុសត្រូវ ស្រុកកណ្តៀង ដឹកនាំដោយ លោក​​ ខូយ រីដា​ ជាប្រធាន, ស្រុកបាកាន ដឹកនាំដោយ លោក អ៊ឹង គឹមលាង ជាប្រធាន និងស្រុកក្រគរ ដឹកនាំដោយ លោក ចេង ឡៃ ជាប្រធាន។

ចំពោះការងារបច្ចេកទេសដាំដុះ ការដាំដើមត្នោត (គ្រាប់ត្នោត) ត្រូវដាំនៅលើខ្សែបន្ទាត់ព្រំរវាងតំបន់២ និងតំបន់៣ ឱ្យបានត្រង់ជួរតាមការវាស់វែង, ដាំមួយរណ្តៅ ចំនួន៣គ្រាប់ ​ដោយមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយប្រវែង ៧ម៉ែត្រ ចំនួន២ជួរ, រណ្ដៅនីមួយៗត្រូវជីកដីជម្រៅ ១០០មីលីម៉ែត្រ និងលុបបង្ហាប់ដីឱ្យបានត្រឹមត្រូវ, រើសគ្រាប់ពូជថ្មី ដោយមិនមានរលុងគ្រាប់ និងដាក់ដាំគ្រាប់ផ្ងារ រឺផ្កាប់ក៏បាន។

ការងារថែទាំ ​មន្ទីរកសិកម្ម រុក្ខ ប្រមាញ់ និងនេសាទ ត្រូវសហការជាមួយរដ្ឋបាលស្រុក ត្រួតពិនិត្យតាមដានលើការខូចខាត និងដាំដុះឡើងវិញ រួមទាំងរក្សាពូជ​ដែលនៅសល់​ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាក់ស្តែង ឱ្យជួយថែទាំរហូតដល់មានការលូតលាស់ល្អ។

ក្នុងសេចក្តីណែនាំនោះ  គ្រប់មន្ទីរ​អង្គភាពជុំវិញ​ខេត្ដ, ​ រដ្ឋបាល​ស្រុកក្រគរ​ ស្រុកកណ្ដៀង និងស្រុកបាកាន, ឃុំពាក់ព័ន្ធ,​ កងកម្លាំងប្រដាប់​អាវុធទាំង ៣​ប្រភេទ​, លោកគ្រូ​ អ្នកគ្រូ​ និងយុវជន​ ដែលមានកំណត់ ក្នុងខ្លឹមសារ​សេចក្តី​​​ណែនាំ ត្រូវអនុវត្តន៍ឱ្យទទួលបានប្រសិទ្ធភាព​ខ្ពស់៕

Ti Amo (ពស)

អត្ថបទទាក់ទង