រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មាភិរ័ត កែវរតនៈ កែវ កន ជាព្រះពោធិវង្សាវិមលមេគណ ខេត្តពោធិ៍សាត់

  • 633
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៏ ចន្ទថុល ព្រះឧត្តមទីប្រឹក្សាគណៈមហានិកាយ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាសង្ឃ, សម្ដេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា សម្ដេចអគ្គលេខាធិកាថេរសភាសង្ឃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចឧត្តមទីប្រឹក្សាសម្ដេចអគ្គមហារាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានព្រះរាជនិមន្ត ជាព្រះអធិបតី ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មាភិរ័ត កែវរតនៈ កែវ កន ជាព្រះពោធិវង្សាវិមលមេគណ ខេត្តពោធិ៍សាត់ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើនៅវត្តកែវវិជ័យ ដោយបានការនិមន្តពីព្រះមន្ត្រីសង្ឃ និងអញ្ជើញចូលរួមពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន  ព្រះចៅអធិកាវត្តគ្រប់វត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

យោងតាមព្រះរាជប្រកាសនីយប័ត្រ ស្តីពីការតែងតាំងមន្ត្រីសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា លេខ៦៣១/២១/មសរ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានត្រាស់បង្គាប់តែងតាំងភិក្ខុ កែវ កន នាមឆាយា កែវរតនៈ កើតឆ្នាំ១៩៧៩ អាយុ៤២ឆ្នាំ បួសបាន២៣វស្សា នៅវត្តកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ងារដើមជា ព្រះមេគណស្តីទី ឱ្យឡើងជា ព្រះពោធិវង្សាវិមល មេគណខេត្តពោធិ៍សាត់។ ជាអ្នករំងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លី វត្តអារាម និងអប់រំពុទ្ធសាសនិកជន ឱ្យរៀនសូត្របដិបត្តិធម៌វិន័យ មានបិដកជាគោល។

មានព្រះឱវាទ សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៏ ចន្ទថុល បាននាំមកនូវព្រះឱវាទផ្ដាំផ្ញើររបស់សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ដិត អំ លឹមហេង ព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យព្រះពោធិវង្សាវិមល កែវ កន ព្រះមេគណខេត្តដែលទើបឡើងថ្មីនេះ ត្រូវមានការគ្រប់គ្រង ដឹកនាំ វិស័យព្រះពុទ្ធសាសនា ក្នុងខេត្តពោធិ៍សាត់ទាំងមូល ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដោយមានធម៌សាមគ្គី និងសហការជាមួយថ្នាក់ដឹកនាំខេត្ត ក៏ដូចមន្ត្រីសង្ឃក្រោមឱវាទ ឱ្យបានស្និទ្ធស្នាលបំផុត។ សម្ដេចមានសង្ឃដីកាថា ព្រះមេគណខេត្ត ជាទូទៅគ្រប់គ្រងអនុគណគ្រប់ស្រុកក្រុង ហើយអនុគណស្រុកក្រុង គ្រប់គ្រងព្រះចៅអធិកាគ្រប់វត្ត ដោយទទួលទាំងខុស និងត្រូវ ធ្វើយ៉ាងណាឱ្យពុទ្ធបរិស័ទ ដែលបានគាំទ្រ និងការផ្ដល់ការលើកទឹកចិត្ត ពីសម្ដេចសង្ឃនាយក ស្នើសុំតែងតាំងព្រះអង្គជាព្រះមេគណនេះ កុំឱ្យមានការខកចិត្ត។ សម្តេចព្រះ សូមផ្តល់ឱវាទផ្តាំផ្ញើ ដល់អង្គទទួលមើលការខុសត្រូវ លើផ្នែកវិស័យពុទ្ធិកៈសិក្សា ដែលជាវិស័យបណ្ដុះបណ្ដាល និងផ្នែកវិបសនាធុរៈ ឱ្យបានខ្លាំងក្លា ព្រោះជាត្រីវិស័យមិនអាចខ្វះបាន។ ក្រៅពីនោះ ត្រូវពិនិត្យមើលទៅលើផ្នែករដ្ឋបាល និងបច្ចេកទេស ទៅតាមខ្សែបណ្ដោយ កុំឱ្យមានការឈ្លោះប្រកែក ខ្វែងគំនិតគ្នា នាំឱ្យបែកបាក់សាមគ្គី ក្នុងជួរវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

Ti Amo (ពស)

អត្ថបទទាក់ទង