(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ ចំនួន៩២៣នាក់ មកពីស្រុកក្រគរ ចំនួន៦៦២នាក់ និងស្រុកកណ្តៀង ចំនួន២៦១នាក់ នៃវិទ្យាល័យ ហ៊ុន សែន ក្រគរ, វិទ្យាល័យ ១០មករា បឹងកន្ទួត, វិទ្យាល័យឈើតុំ, វិទ្យាល័យ ហ៊ុន សែន កណ្តៀង និងវិទ្យាល័យនទីសេដ្ឋា។
ពិធីនេះត្រូវបានធ្វើឡើងជារួម នៅបរិវេណស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Farm) របស់ក្រុមហ៊ុន SchneiTec Co.,Ltd ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពី លោកអភិបាលស្រុកទាំង២ លោកអគ្គនាយកក្រុមហ៊ុន SchneiTec ក្រុមការងារចុះជួយស្រុក ឃុំ អាជ្ញាធរមូលដ្ឋាន នាយក នាយករង លោកគ្រូ អ្នកគ្រូ និងកូនក្មួយសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាវ តាយ និងឯកឧត្តម កែវ រតនៈ បានលើកឡើងស្រដៀងៗគ្នាថា យើងមានឱកាសជួបជុំគ្នានាពេលនេះ គឺដោយសារសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ ជាក់ស្តែងថ្ងៃនេះ គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា ដែលមានអាយុកាល៤៣ឆ្នាំហើយ (៧ មករា ១៩៧៩ - ៧ មករា ២០២២)។ ជាការពិតណាស់ថា កូនក្មួយទាំងអស់ ពុំទាន់បានដឹងពីលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីពេលកន្លងទៅក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមថ្នាក់ដឹកនាំ ឯកឧត្តមក៏សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។
ឯកឧត្តម ជាវ តាយ និងឯកឧត្តម កែវ រតនៈ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំង២ ក៏បានកោតសរសើរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គ។ ថ្នាក់ដឹកនាំទាំង២ ក៏បានផ្តល់ដំបូន្មាន ដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ សិក្សាស្រាវជ្រាវបំពេញបន្ថែម និងបង្កើននូវចំណេះដឹងភាសាបរទេស ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ជាការលើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្ស ថ្នាក់ដឹកនាំទាំង២ បានប្រកាសរៀបចំដំណើរទស្សនកិច្ច អញ្ជើញកូនក្មួយទៅលេងខេត្តសៀមរាប នាពេលឆាប់ៗខាងមុខ ហើយបន្ទុកទាំងអស់នោះ ក្រុមការងារចុះជួយឃុំនីមួយៗ ជាអ្នកទទួលរ៉ាប់រង និងត្រូវបន្តអនុវត្តន៍វិធានការ «៣ការពារ ៣កុំ» ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល បើទោះយើងទាំងអស់គ្នា ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់ៗគ្នាក៏ដោយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ និងឯកឧត្តម កែវ រតនា ក៏បានចែកវត្ថុកំដរដៃ ជូនដល់កូនក្មួយសិស្សានុសិស្ស ទាំង៩២៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀលស្មើៗគ្នា។
សូមបញ្ជាក់ថា ទីតាំងស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Farm) របស់ក្រុមហ៊ុន SchneiTec Co.,Ltd ត្រូវបានសាងសង់ឡើងលើផ្ទៃដីចំនួន ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលតម្លៃប្រមាណ ២៨លានដុល្លារអាមេរិក បច្ចុប្បន្ននេះស្ថានីយ៍នេះមានអានុភាពបញ្ចេញថាមពលចូលបណ្តាញជាតិ រហូតទៅដល់៩០មេកាវ៉ាត់។ ទីតាំងនេះក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលបច្ចុប្បន្នត្រូវបានអភិវឌ្ឍន៍រួចរាល់ និងកំពុងអភិវឌ្ឍន៍ រួមមាន៖ មានរោងក្រកាត់ដេរ, រោងចក្រតម្លើងត្រង់ស្វូរ, រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford…។ល៕
Ti Amo (ពស)