(ពោធិ៍សាត់)៖ រយៈពេលជាង៣ខែមកនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាប់ផ្តើមកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺសំចែងសំចាច និងមានលក្ខណៈស្រស់ត្រកាលជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយបានបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទLED, បំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ជម្រុញការសាងសង់ផ្លូវក្នុងក្រុង និងពន្លឿនការដ្ឋានសាងសង់ទីលានគ្រប់គ្រងសំណល់រឹង ក្នុងក្រុងពោធិ៍សាត់។ល។…
ការរៀបចំលម្អភ្លើងនេះដែរ គឺជាការរំលេចនូវសោភ័ណភាពបៃតង នៅតាមដងស្ទឹង និងតាមដងផ្លូវសំខាន់ៗក្នុងក្រុង ដើម្បីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងឱកាសពិធីបុណ្យជាតិម្តងម្កាល ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
ជាការពិតណាស់ថា ខេត្តពោធិ៍សាត់យើងបច្ចុប្បន្ន បានទទួលការចាប់អារម្មណ៍ខ្ពស់ និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ចំពោះការទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក ជាក់ស្តែងក្នុងថ្ងៃបុណ្យ ៧ មករាកន្លងទៅ ដែលនេះជាចំណាត់ថ្នាក់ប្រវត្តិសាស្ត្រពុំធ្លាប់មានទាល់តែសោះ។
ជាមួយគ្នានោះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏នៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ចំពោះសក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត និងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ភ្លើងលម្អ សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ បានដឹង និងបានស្គាល់ ចៀសវាងការធ្វើដំណើរទៅផុត មកផុត ដែលនាំឱ្យបាត់បង់ចំណូលសេដ្ឋកិច្ចខេត្ត ក៏ដូចជាប្រជាពលរដ្ឋរបស់យើងផងដែរ៕
Ti Amo (ពស)