(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ ដែលជាជនចាស់ជរាគ្មានទីពឹង អ្នកមានជំងឺរ៉ាំរ៉ៃ ជនពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ មានកូនក្នុងបន្ទុកច្រើន និងអ្នកធ្វើការងារ ដោយដោះដូរពលកម្ម ជួបការលំបាកទីទ័លក្រ ចំនួន៣២៩គ្រួសារ មកពីសង្កាត់រលាប សង្កាត់បន្ទាយដី សង្កាត់ចំរើនផល និងស្វាយអាត់ នៃក្រុងពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានមកទទួលយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស និងជាប្រធានឥស្សរជនឆ្នើមថ្នាក់សាខា និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ថ្នាក់កិត្តិយស គណៈកម្មាធិការ និងមន្ត្រីប្រតិបត្តិសាខាជាច្រើននាក់ទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បាននាំនូវការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រោះថាជានិច្ចកាល សម្តេចតែងតែគិតគូរ ព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ពិសេសជនចាស់ចាស់ជរាឥតទីពឹង កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ និងជនមានពិការភាព ព្រមទាំងបានផ្តល់អាទិភាព ក្នុងការចែកជូនអំណោយមនុស្សធម៌គ្រប់គ្រួសារ។ ទោះជាយ៉ាងនេះក៏ដោយ សម្តេចក៏មិនភ្លេចពីការលំបាកខ្វះខាតរបស់បងប្អូន ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗនោះដែរ ពោលគឺបានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទនៃការរងគ្រោះ មិនបានប្រកាន់ឬរើសអើង ពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈព័ណ៌សម្បុរអ្វីឡើយ ឱ្យតែទទួលរងគ្រោះ គឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភស្មើៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ឯកឧត្តមបានថ្លែងឱ្យដឹងទៀតថា នូវរាល់អំណោយដែលបានចែកជូន គឺសុទ្ធតែជាការបរិច្ឆាក ទាំងថវិកា និងសម្ភារៈ របស់សប្បុរសជន ក្នុងនិងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការ ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ជួយទៅដល់ជនរងគ្រោះគ្រប់មូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។
ឯកឧត្តមបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរដែនដី សាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់ចំពោះការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងខណៈនោះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យធ្វើការណែនាំ និងផ្សព្វផ្សាយបន្ត ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់១៨ឆ្នាំ និងចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការឆ្លងរាលដាល ក៏ដូចជាការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង និងត្រូវបន្តអនុវត្តន៍វិធានការ «៣ការពារ ៣កុំ» ក៏ដូចជាវិធានការនានារបស់ប្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋជួបកង្វះខាត ចំនួន៣២៩គ្រួសារ មកពី៤សង្កាត់ នៃក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីទ្បូក្រាម, មី១កេសតូច, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹក១ដប, នំប៉ុង១ដើម និងថវិកា២ម៉ឺន៕
Ti Amo (ពស)