(ពោធិ៍សាត់)៖ ខេត្តពោធិ៍សាត់បច្ចុប្បន្ន បានរំលេចនូវរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃដ៏សម្បូរបែបជាច្រើន ជាក់ស្តែងដូចជារមណីយដ្ឋាន «ថ្មដាផារ៉ាដាយរីសត - Thmorda Paradise Resort» គឺសុទ្ធតែកែច្នៃឡើងពីធម្មជាតិ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅថតរូបទុកជាអនុស្សាវរីយ៍ (Pre-Wedding), លេងកម្សាន្ត, បោះតង់, ងូតទឹក, មានបន្ទប់តូច ធំស្នាក់នៅតាមតម្រូវការ សមស្របទៅនឹងអាកាសធាតុត្រជាក់គ្រប់រដូវកាល។
ថ្មដាផារ៉ាដាយរីសត - Thmorda Paradise Resort គឺជាឈ្មោះរមណីដ្ឋានធម្មជាតិកែច្នៃ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណជា១៧២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណជា៣៦២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
តំបន់នេះពិតជាមានលក្ខណៈពិសេសខ្លាំង ព្រោះនៅជាប់នឹងច្រកព្រំដែន កម្ពុជា-ថៃ មានលក្ខណៈបាតខ្ទះ ដូចភ្នំបូកគោ កម្ពស់ខ្ពស់ជាប់នឹងសមុទ្រថៃ មានទឹកធ្លាក់ មានព្រៃធម្មជាតិដ៏ស្រស់ត្រកាល មានចម្ការទុរ៉េន សាវម៉ាវ ។ល។ និងមួយផ្នែក នៃប្រភពគ្រឿងសមុទ្រ។
ដោយមើលឃើញពីភាពស្រស់ស្អាត និងអាកាសធាតុអំណោយផល នៃតំបន់អភិវឌ្ឍន៍ថ្មដា ទើបម្ចាស់ដីបានសម្រេចយកទីតាំងនេះ បង្កើតឱ្យទៅជារមណីយដ្ឋានបែបធម្មជាតិកែច្នៃ សម្រាប់ទទួលភ្ញៀវទេសចរស្នាក់នៅ ក្នុងពិភពធម្មជាតិត្រជាក់គ្រប់រដូវកាល អាចឱ្យភ្ញៀវទេសចរបន្ធូរអារម្មណ៍លំបាកពីការងារ ដោយទទួលបាននូវអារម្មណ៍ពិសេសថ្មីមួយ ពេលបានទៅស្នាក់កម្សាន្តនៅទីនោះ។
បើតាមការផ្សាយរបស់រមណីយដ្ឋាន ថ្មដាផារ៉ាដាយរីសត - Thmorda Paradise Resort បានឱ្យដឹងពីសេវាកម្មនៅទីនោះ គឺមានបន្ទប់ជួល (បឹងកាឡូ) តម្លៃចាប់ពី ៥០ ទៅ១០០ដុល្លារ, មានតង់សម្រាប់ជួល តម្លៃចាប់ពី ២០ទៅ៣៥ដុល្លារ, អាចងូតទឹកលេងក្នុងអាងសិប្បនិម្មិត ឬទឹកជ្រោះតូចនៅក្បែរទីនោះ, អាចអាំងសាច់, រាំច្រៀងកម្សាន្ត, អាចមើលអំពិលអំពែក និងមានរៀបចំអាហារប៊ូហ្វេ ទទួលភ្ញៀវបានផងដែរ៕
ទីតាំងនៅជាប់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
Google Maps Dropped pin
https://goo.gl/maps/wzRx1KjrabWRiKCa6
សម្រាប់ពត៌មានលម្អិត ឬខលកក់បន្ទប់៖ 092222005
Ti Amo (ពស)