(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្តបេសកកម្មប្រគល់ជែលលាងដៃ ចំនួន៧២៨កេស ស្មើនឹង១១.៦៤៨ដប ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។
ពិធីប្រគល់ទទួល ជែលខាងលើនេះ ធ្វើឡើងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។
ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយដល់សាខានាពេលនេះ និងនាពេលកន្លងមក ពិសេសបានជួយទំនុកបម្រុងផ្នែករូបវន្ត និងអរូបវន្ត ពិសេសការអភិវឌ្ឍធនធានមនុស្ស ដល់មន្ត្រី បុគ្គលិកសាខា តាមរយៈការបើកវគ្គបណ្តុះបណ្តាល វគ្គបំប៉ន វគ្គផ្សព្វផ្សាយ សិក្ខាសាលា និងកិច្ចប្រជុំនានា ដែលធ្វើឱ្យមន្ត្រី បុគ្គលិកសាខា មានចំណេះដឹង មានសមត្ថភាព បំពេញការងារទទួលបានលទ្ធផលល្អប្រសើរ ហើយបានឈានពីកម្រិតអប្បបរមា និងឈានដល់កម្រិតអភិវឌ្ឍន៍ទី១ តាំងតែពីអាណត្តិទី៤ រហូតដល់អាណត្តិទី៥នេះ។
ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយនឹងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏ដូចជាបុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយសម្រាលការលំបាក ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពារ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។
ឯកឧត្តម វេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា «ការចូលរួមកម្លាំង ពីប្រតិបត្តិករជួរមុខ កម្លាំងទ័ពអាវស និងកម្លាំងពហុវិស័យទាំងអស់ បានធ្វើឱ្យកម្ពុជាយើងទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ រហូតដល់សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ រួមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩, ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនវិស័យ នៃការចាកចេញពីវិបត្តិ នៃជំងឺកូវីដ១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ា នៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ»។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលបានជែលលាងដៃ ចំនួន៧២៨កេស ស្នើនឹង១១.៦៤៨ដប ក្នុងនោះសាខាផ្ទាល់ទទួលបាន ចំនួន១២៨កេស ស្មើនឹង២.០៤៨ដប, មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាព ទាំង២៣ ដែលនីមួយៗទទួលបាន២០កេស ស្មើនឹង៧.៣៦០ដប, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង៧ ដែលនីមួយៗទទួលបាន ២០កេស ស្មើនឹង៣២០ដប។ គួររំលឹកដែរថា ជែលលាងដៃខាងលើនេះ ជាអំណោយរបស់ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី២ ចំនួន១៦.២០០កេស ស្មើនឹង២៥៩.២០០ដប កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត និងឯកឧត្តម ជាវ តាយ ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ផងដែរ៕
Ti Amo (ពស)