រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវចូលរួមដាក់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត

  • 576
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានស្នើដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមជាដាច់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ដែលធ្វើឡើងរៀងរាល់មួយខែម្តង ដើម្បីក្តាប់សភាពការណ៍រួមនាពេលបច្ចុប្បន្ន លើកយកបញ្ហាប្រឈមរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ ក៏ដូចជាសេចក្តីត្រូវការ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្តមបានស្នើបែបនេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តនៅខែកុម្ភៈ ឆ្នាំ២០២២ ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។

ឯកឧត្ត ជាវ តាយ មានប្រសាសន៍ថា រៀងរាល់កិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមដោយផ្ទាល់ជាដាច់ខាត លើកលែងតែករណីចាំបាច់មិនអាចខានបាន ទើបអាចចាត់តំណាង ព្រោះថាអភិបាលក្រុងស្រុក គឺជាអ្នកទទួលខុសត្រូវរួម និងចាត់ចែងបញ្ជាគ្រប់សភាពការ ចំពោះរដ្ឋបាលដឹកនាំរបស់ខ្លួន។ នេះមិនមែនមានន័យថា អភិបាលរងក្រុងស្រុកគ្រប់រូប ធ្វើការមិនបាននោះទេ ប៉ុន្តែពួកគេមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងដឹកនាំបញ្ជាការងាររួម។ ឯកឧត្តមបន្ថែមថា ការងារដឹកនាំ គឺមានតែ៣ចំណុចធំៗនោះទេ ទី១-របបប្រជុំ ទី២-របបរាយការណ៍ និងទី៣-របបសុំយោបល់។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់អភិបាលក្រុងស្រុកទាំងអស់  ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ  តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន  ល្បែងស៊ីសងគ្រប់ប្រភេទ  ករណីចោរកម្ម  ការកាប់បំផ្លាញព្រៃឈើ  ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ  ការដឹកជញ្ជូនឈើប្រណិតគ្រប់រូបភាព  បទល្មើសជលផល និងបទល្មើសផ្សេងៗទៀត  ឯកឧត្តមសូមឱ្យគណៈបញ្ជាការឯកភាពក្រុងស្រុក  យកចិត្តទុកដាក់បង្ក្រាបឱ្យខាងតែបាន ដើម្បីឱ្យ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ រដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត ត្រូវជម្រុញលើការប្រមូលសំរាម នៅតាមទីសាធារណៈ ឱ្យបានស្អាតល្អ ដើម្បីសោភណ្ឌភាពបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ត្រូវត្រៀមរៀបចំតុបតែងភ្លើងលម្អ បដា ពាក្សស្លោក ទង់ជាតិ ទង់ជ្វាលា ដើម្បីត្រៀមលក្ខណៈអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ឱ្យបានអធិកអធម និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកំសាន្តនៅខេត្តយើង ឱ្យកាន់តែច្រើនឡើង។ ជាមួយគ្នានោះត្រូវត្រៀមចូលរួមបុណ្យមាឃបូជា នៅវត្តកែវវិជ័យ និងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នាអំឡុងខែមីនាខាងមុខផងដែរ៕

Ti Amo (ពស)  

អត្ថបទទាក់ទង