រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លោកជំទាវបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅចំណុច «ក-ដប» ព្រំប្រទល់ទឹកប្រសព្វគ្នារវាងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ

  • 499
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវតាយ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មន្ត្រីរាជការតំណាងរាស្រ្ត បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៩៧គ្រួសារ ដែលមកពីតាមបណ្ដាខេត្តទាំង៣នៅចំណុច «ក-ដប» ដែលមានព្រំប្រទល់ព្រំដែនដឹករវាងខេត្តទាំង៣។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ម៉ែន សំអន បានថ្លែងថា នៅចំណុច «ក-ដប» នេះ គឺជាព្រំប្រទល់ទឹករវាងខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ តំបន់នេះជាតំបន់មួយដែលមានជីវៈចម្រុះ យ៉ាងសម្បូរបែប ទាំងក្នុងតំបន់ ក៏ដូចជា នៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វ និងជាទីកន្លែងដ៏សក្តិសិទ្ធ ដែលប្រសិទ្ធិនាមថា តំបន់ ក ដប ប្រកបដោយសីលអ្នកបានទៅដល់មិនចង់វិលវិញ ដោយសារតំបន់នេះត្រជាក់ល្អ និងមានបរិស្ថានល្អ។

លោកជំទាវបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា និងសូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារឲ្យចៀសផុតពីជំងឺផ្សេងៗ និងជួបតែសេចក្ដីសុខជារៀងរហូត។

បន្ទាប់ពីពិធីបួងសួងចប់ លោកជំទាវបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២៩៧គ្រួសារផងដែរ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានរំលឹកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាល ពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ អំពីការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនូវកូវីដ១៩ ប្រភេទអូមីក្រុង ដោយសារតួលេខនៃការឆ្លងគឺមានចំនួនលើសពី២០០នាក់ក្នុងមួយថ្ងៃ។

លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្ន និងប្រើប្រាស់ម៉ាស់ លាងដៃ និងការរក្សាគម្លាត ដើម្បីជៀសវាងការជួបជុំណាដែលមានមនុស្សច្រើន។ លោកជំទាវបានបន្តទៀតថា «យើងមិនត្រូវឲ្យជោគជ័យរបស់យើង ធ្លាក់ទៅក្នុងស្ថានភាពបរាជ័យនោះទេ។ សូមប្រជាពលរដ្ឋទាំងអស់ទៅទទួលយកវ៉ាក់សាំងឲ្យបាគ្រប់ៗគ្នា និងចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបាននូវវិធានការ «៣កុំ និង៣កាពារ»។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋ២៩៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន៥ម៉ឺនរៀល។ សម្រាប់គ្រួសារដែលមានកូនភ្លោះ៣នាក់ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក៏បានទទួលថវិកាពីលោកជំទាវកិត្តិសង្គហបណ្ឌិត ចំនួន១លាន២០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង