(ពោធិ៍សាត់)៖ វិស័យកីឡានាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមានការរីកចម្រើនទាំងបច្ចេកទេស ធនធានមនុស្ស នៅតាមគ្រឹះស្ថានសិក្សា មូលដ្ឋានក្រុង ស្រុកផ្សេងទៀត «កីឡានាំមកនូវសុខភាព កាយសម្បទាមាំមួន មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ»។
ដោយកត្តានេះហើយ ទើបបានជាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងកីឡាដ្ឋានឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមកីឡាបាល់ទាត់របស់ក្រុមការងារចុះជួយឃុំឈើតុំ បានធ្វើការប្រគួតជាលក្ខណៈមិត្តភាព សម្រាប់ដកស្រង់បទពិសោធន៍បច្ចេកទេស ជាមួយក្រុមកីឡាបាល់ទាត់អគ្គិសនីស្ទឹងត្រែង និងមួយក្រុមទៀត ក្លិបបាល់ទាត់ឈើតុំCFC បានធ្វើការប្រគួតជាមួយ THE EVIL SPORT។
ការរៀបចំការប្រគួតនេះទៀតសោធ គឺធ្វើឡើងក្នុងគោលបំណងបំផុសដល់គ្រប់ស្រទាប់មហាជន សំខាន់យុវជន ចូលរួមលេងកីឡា ដើមី្បសុខភាព ធ្វើឱ្យកាយសម្បទារឹងមាំ និងធ្វើឱ្យយុវជនយើង ចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផងដែរ។
បើតាមលោក កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំឈើតុំ ស្រុកក្រគរ បានមានប្រសាសន៍ថា ការប្រគួតពេលនាពេលនេះ គឺជាការប្រគួតដើម្បីដកស្រង់នូវបទពិសោធន៍បច្ចេកទេស រវាងក្រុមមួយនឹងក្រុមមួយ ក្នុងវិស័យកីឡាតែប៉ុណ្ណោះ ហើយចំពោះការប្រកួតនេះ គឺជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ឱ្យមានការរីកចម្រើន និងឈានឆ្ពោះទៅមុខជាលំដាប់។
លោកបានបន្តថា ស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គឺកំណែទម្រង់ការងារអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេស អប់រំកាយ កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ និងឈានឆ្ពោះទៅកាន់ការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ។ លោកបានបន្ថែមថា ដូច្នេះយើងគ្រប់ៗគ្នា ត្រូវចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលនាំមកនូវសេចក្តីវិនាសដល់អនាគតខ្លួន សហគម និងសង្គមជាតិ។
នៅក្នុងការប្រគួតមិត្តភាពដកស្រង់បទពិសោធន៍បច្ចេកទេសនោះដែរ គឺក្រុមកីឡាបាល់ទាត់របស់ក្រុមការងារចុះជួយឃុំឈើតុំ ១ | ១ ក្រុមកីឡាបាល់ទាត់អគ្គិសនីស្ទឹងត្រែង និងក្លិបបាល់ទាត់ឈើតុំCFC ២ | ០ THE EVIL SPORT៕
Ti Amo (ពស)