(ពោធិ៍សាត់)៖ នាថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការយកចិត្តទុក្ខដាក់ គិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងសហការី នាំយកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដល់លំនៅដ្ឋាន ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះដែរ លោក ទេព រុំ នាយករងប្រតិបត្តិសាខា ក៏បានពាំនាំមកនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាមួយគ្រួសារសពរងគ្រោះ ចំពោះការបាត់បង់ បង ប្អូន កូន ក្មួយ ជាទីស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលត្រូវផ្តល់ជូនគ្រួសារសព រួមមាន៖ អង្ករ៥០គីទ្បូក្រាម ត្រីខ២យួរ មី២កេស ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹក២យួរ ទឹកស៊ីអ៊ីវ២យួរ និងថវិកា២០ម៉ឺនរៀលផងដែរ៕
Ti Amo (ពស)