(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានស្នើដល់គណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ យកចិត្តទុកដាក់ជម្រុញ ដល់ការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឱ្យខាងតែបានក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាកាត់បន្ថយពីច្រើនទៅតិច និងពីតិចទៅតិចបំផុត។
ឯកឧត្តមបានស្នើបែបនេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាពខេត្ត ដោយបានការចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។
បន្ទាប់ពីសមាជិក សមាជិកា នៅក្នុងអង្គប្រជុំ បានទទួលស្តាប់ពី ការពិភាក្សាលើការកែសម្រួល សមាសភាព ក្រុមការងារ អនុវត្តសំណងពលរដ្ឋ ដែលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ, សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត, គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត, គណៈកម្មការ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយលិខិតលេខ០៣០សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងយន្តការដោះស្រាយបញ្ហា ព្រមទាំងសេចក្តីរាយការណ៍នានា និងបញ្ហាផ្សេងៗនោះរួចមក, ឯកឧត្តម ជាវ តាយ បានថ្លែងថា ពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាកិច្ចការចាំបាច់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះហើយសូមឱ្យគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ យកចិត្តទុកដាក់ជម្រុញ ដល់ការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឱ្យខាងតែបានក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាកាត់បន្ថយពីច្រើនទៅតិច និងពីតិចទៅតិចបំផុត។ ចំពោះសេចក្តីសម្រេចផ្សេងៗ ដែលមានក្នុងរបៀបវារៈនៃកិច្ចប្រជុំ ឯកឧត្តមសុំទុករយៈពេល៣ថ្ងៃ ដើម្បីធ្វើការកែសម្រួល ហើយបើមិនមានការឆ្លើយតបទេនោះ ចាត់ទុកថាលោក លោកស្រី បានឯកភាពយល់ព្រមចំពោះសេកក្តីសម្រេចនេះ។ ឯកឧត្តមសូមស្នើដល់អភិបាលក្រុងស្រុក ជាពិសេសគណៈកម្មការ អនុគណៈកម្មការ និងសមាជិកទាំងអស់ ដែលមានក្នុងសេចក្តីសម្រេចនៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សូមពិនិត្យ និងត្រៀមលក្ខណៈ ដល់ការប្រារព្ធពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរលូន និងមានលក្ខណៈអធិកអធម។
ឯកឧត្តមបន្ថែមថា ចំពោះការស្នើសុំលទ្ធភាពទឹក ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ ជាង២០០ហិកតា នៅក្នុងសង្កាត់ចម្រើនផល ដែលកំពុងជួបគ្រោះរាំងស្ងួតនោះ ឯកឧត្តមនឹងចុះទៅពិនិត្យដោយផ្ទាល់នាថ្ងៃស្អែក ដើម្បីរកមធ្យោបាយផ្តល់ទឹកជូនពួកគាត់។ ជុំវិញសារាចរណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង គឺសូមឱ្យអភិបាលក្រុងស្រុក ប្រើប្រាស់ឧឃោសនស័ព្ទ ធ្វើការផ្សព្វផ្សាយបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់ចូលរួមនីតិវិធីប្រតិបត្តិស្តង់ដា និងនាំកូនចៅមកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសជំរុញ ដល់ក្រុមកុមារអាយុពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ព្រមទាំងចាប់ផ្តើមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដល់ក្រុមកុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ឱ្យបានឆាប់រហ័ស។
ឯកឧត្តមក៏សូមឱ្យអភិបាលក្រុងស្រុក អនុវត្តន៍ឱ្យបាននូវអនុក្រឹតលេខ១១៣ ក្នុងការដោះស្រាយ និងមានវិធានការបន្ទាន់ ចំពោះបញ្ហាសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានោះត្រូវធ្វើរបាយការណ៍ និងដាក់ចំណោទសួរពីបញ្ហាប្រឈមនៅមូលដ្ឋាន ធ្វើការដោះស្រាយរួមគ្នា និងពិនិត្យពីវឌ្ឍនភាព នៃកិច្ចប្រជុំកាលពីពេលកន្លងមក តើយើងដោះស្រាយបានកម្រិតណាដែរ។
ឯកឧត្តមបានលើកឡើងថា បញ្ហាសំណង់អនាធិបតេយ្យ ដែលសង់រំលោភលើដីសាធារណៈរបស់រដ្ឋ យើងចាំបាច់បំផុតមិនគួរឱ្យមាន ព្រោះថានាពេលនេះ យើងបាននឹងកំពុងចាប់ផ្តើមរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបំពាក់ភ្លើងបំភ្លឺផ្លូវ ធ្វើយ៉ាងណាឱ្យក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកដ៏ទៃទៀត មានភាពទាក់ទាញ ស្រស់បំព្រង ដើម្បីមានឱកាសឱ្យបងប្អូនយើងចូលមកលេងកម្សាន្ត និងរកស៊ីទទួលទានបានសមប្រកប៕
Ti Amo (ពស)