(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយ ត្រូវពិនិត្យឡើងវិញ ចំពោះស្លាកផ្សព្វផ្សាយផ្សេងៗ តាមប៉ាណូអចល័ត ដែលមានសភាពចាស់ រហែក ក្រុមហ៊ុនត្រូវរុះរើចេញ និងរៀបចំដាក់ពាក្យស្នើសុំថ្មី យ៉ាងយូរថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ ចំពោះករណីប៉ាណូកាត់ទទឹងផ្លូវ ត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុន ធ្វើយ៉ាងណារៀបចំឱ្យមានស្លាកសញ្ញា ចង្អុលបង្ហាញទិសដៅ ឆ្ពោះទៅតាមបណ្ដាខេត្ត ក្រុង ស្រុកនានាឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព។
ឯកឧត្តមបានណែនាំបែបនេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំការលើកស្លាកប៉ាណូអចល័ត គ្រប់ទីតាំងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ ប្រធានអង្គភាពច្រកចេញចូលតែមួយ និងលោក លោកស្រី នាយក និងតំណាងក្រុមហ៊ុនជាច្រើននាក់ទៀត។
លោក ថន សុភារុណ ប្រធានអង្គភាពច្រកចេញចូលតែមួយ បានឱ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពជាក់ស្ដែង នៃចំនួនទីតាំងស្លាកប៉ាណូអចល័ត ដែលបានលើកស្លាករួចហើយ ដោយមួយចំនួនបានដាក់ពាក្យស្នើសុំថ្មី មួយចំនួនផុតសុពលភាព និងមួយចំនួនទៀតពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីរដ្ឋបាលខេត្តនោះទេ។ លោកប្រធានអង្គភាពច្រកចេញចូលតែមួយ បានគូសបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានសរុបចំនួន ២៤១ស្លាកប៉ាណូ មានទំហំសរុបស្មើ ៩៥០០.២៨ម៉ែត្រការ៉េ ផ្សព្វផ្សាយ ពាណិជ្ជកម្មដោយក្រុមហ៊ុន ចំនួន២៩ក្រុមហ៊ុន/ស្ថាប័ន។ ក្នុងនោះក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំថ្មី មានចំនួន០៤ទីតាំង, បានមកដាក់ពាក្យស្នើសុំបន្តលិខិតអនុញ្ញាត មានចំនួន០៤ទីតាំង និងក្រៅពីនោះក្រុមហ៊ុន/ស្ថាប័ន សុទ្ធតែពុំមានលិខិតអនុញ្ញាត ដែលចេញ ដោយរដ្ឋបាលខេត្ត ស្របតាមនីតិវិធី ដែលតម្រូវឱ្យអ្នកស្នើសុំ មកដាក់ពាក្យស្នើសុំ នៅអង្គភាពច្រកចេញចូលតែមួយនោះទេ។
បន្ទាប់ពីតំណាងក្រុមហ៊ុន/ស្ថាប័ន បានមានមតិចូលរួមពិភាក្សា និងលើកពីបញ្ហានានា ជុំវិញការរៀបចំលើកស្លាកប៉ាណូអចល័តឱ្យស្របតាមលក្ខណៈបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវនោះរួចមក, ឯកឧត្តម ជាវ តាយ បានមានមតិបូកសរុប និងបានដាក់ចេញ នូវអនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១-រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ ត្រូវរៀបចំសេចក្ដីជូនដំណឹង ទៅក្រុមហ៊ុន/ស្ថាប័ន ដើម្បីឱ្យ មកដាក់ពាក្យស្នើសុំបន្ត និងស្នើសុំថ្មីឱ្យបានយ៉ាងយូរ ត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។
ទី២-តំណាងក្រុមហ៊ុន/ស្ថាប័ន ដែលបានចូលរួមកិច្ចប្រជុំនេះ ត្រូវរាយការណ៍ជូន ប្រធានក្រុមហ៊ុន/ស្ថាប័ន ដើម្បី ចូលរួមបំពេញកាតព្វកិច្ចច្បាប់ ដោយអនុវត្តការងារ ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតលើកស្លាកប៉ាណូអចល័ត នៅអង្គភាពច្រកចេញចូលតែមួយ ស្របតាមនីតិវិធី នៃអនុក្រឹត្យ និងប្រកាសអន្តរក្រសួងផ្សេងៗ ដែលបានណែនាំ។
ទី៣-អង្គភាពច្រកចេញចូលតែមួយ ត្រូវពិនិត្យឡើងវិញ ចំពោះករណីប៉ាណូកាត់ទទឹងផ្លូវ ត្រូវទំនាក់ទំនង និងធ្វើយ៉ាងណា ឱ្យក្រុមហ៊ុនរៀបចំឱ្យមានស្លាកសញ្ញា ដែលចង្អុលបង្ហាញទិសដៅ ទៅតាមបណ្ដាខេត្ត ក្រុង ស្រុកនានា ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព។
ទី៤-ចំពោះស្លាកផ្សព្វផ្សាយផ្សេងៗ តាមប៉ាណូអចល័ត ដែលមានសភាពចាស់ រហែក ក្រុមហ៊ុនត្រូវរុះរើចេញ និងរៀបចំដាក់ថ្មី។
ទី៥-ក្នុងករណីម្ចាស់ក្រុមហ៊ុន/ស្ថាប័ន មិនបានមកទំនាក់ទំនងមករដ្ឋបាលខេត្ត ឬអង្គភាពច្រកចេញចូលតែមួយ តាមកាលកំណត់ទេនោះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ស្របតាមច្បាប់ដែលមានជាធរមាន៕
Ti Amo (ពស)