រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

លោកជំទាវ លាង ហៃ ជាវតាយ៖ «យើងទាំងអស់គ្នា ត្រូវរួមកម្លាំងគ្នា លើកទឹកចិត្ត និងផ្តល់សេវាសុខភាព ដល់ស្ត្រី ទារក និងកុមារ ឱ្យបានល្អប្រសើរ»

  • 495
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា យើងទាំងអស់គ្នាចាំបាច់ត្រូវរួមកម្លាំងគ្នា លើកទឹកចិត្តក្នុងការផ្តល់សេវាសុខភាពមាតា ទារក និងកុមារ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅកូនដោយទឹកដោះម្តាយ ឱ្យបានល្អប្រសើរ។

លោកជំទាវបានលើកឡើងបែបនេះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងសាលិខិត និងសំណេះសំណាល នាឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យ និងមន្ត្រីសាខាជាច្រើននាក់ទៀត។

លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានជម្រាបជូនថា មន្ទីរពេទ្យបង្អែកខេត្ត មានបុគ្គលិកចំនួន២០៨នាក់ មានផ្នែកសំខាន់ៗចំនួន១០ អ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលនៅក្នុងមន្ទីរពេទ្យកន្លងមក មានចំនួន៧៨៦នាក់។ នៅឆ្នាំ២០២១ ផ្នែកសម្ភព និងរោគស្ត្រី បានទទួលអ្នកជំងឺមកសម្រាកព្យាបាល និងសម្រាលកូន មានចំនួន២,៦៤៩នាក់ ក្នុងនោះសម្រាលធម្មតា ចំនួន១,៤៤៨នាក់ សម្រាលពិបាក៤៧៨នាក់ និងសម្រាលដោយវៈកាត់ ចំនួន៧២៣នាក់។

លោកជំទាវ លាង ហៃ ជាវតាយ បានថ្លែងថា ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ សម្រាប់ឆ្នាំនេះជាខួបលើកទី១២ ក្នុងគោលបំណង ជម្រុញឱ្យស្ត្រីទាំងអស់ បានចូលរួមជាចាំបាច់ ក្នុងការរួមកម្លាំងលើកកម្ពស់សេវាសុខភាព ជាការយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី។ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើពិភពលោក ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ បានទទួលរងនូវហានិភ័យ និងផលប៉ះពាល់ នៃមេរោគកូវីដ១៩ បានយាយីដល់អាយុជីវិតមនុស្ស និងបានកាត់ផ្តាច់សេវាកម្មសុខភាព។ កត្តាទាំងនេះបណ្តាលមកពីកង្វះបុគ្គលិកសុខាភិបាល ដែលកំពុងជាប់ដៃមមាញឹក ក្នុងការជួយសង្គ្រោះអាយុជីវិតពីជំងឺកូវីដ១៩ និងបិទខ្ទប់ដែលធ្វើឱ្យស្រ្តីមានផ្ទៃពោះ ស្រ្តីជាមាតា មិនអាចទៅទទួលសេវា ពិនិត្យសុខភាពបាន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំជម្នះគ្រប់ឧបសគ្គ ក្នុងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងពង្រឹង និងអនុវត្តយ៉ាងម៉ឺនម៉ាត់អំពីវិធានការ «៣ការពារ, ៣កុំ» ប្រកបដោយប្រសិទ្ធិភាព។

លោកជំទាវបានលើកឡើងថា ស្ត្រីក្នុងវ័យបន្តពូជ និងស្ត្រីមានផ្ទៃពោះ ចាំបាច់ត្រូវតែទៅទទួលសេវាពិនិត្យផ្ទៃពោះ និង ពិគ្រោះយោបល់ ជាមួយគ្រូពេទ្យជំនាញ ឱ្យបាន៤ដង រួចទៅសម្រាលកូន នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងនោះចាំបាច់ចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ដល់កុមារ បើមានរោគសញ្ញាគ្រោះថ្នាក់ណាមួយ ដល់កុមារនោះ ត្រូវប្រញាប់យកទៅមន្ទីរពេទ្យ និងត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺគូវីដ១៩។ តាមរយៈនេះដែរ លោកជំទាវបានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ ពិសេសអ្នកផ្តល់សេវាទាំងអស់ រួមទាំងសាខា អនុសាខាកាកបាទក្រហមកម្ពុជា សូមគាំទ្រ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពសុខភាពមាតា ទារកនិងកុមារ។

ក្នុងឱកាសនោះ លោកជំទាវបានអញ្ជើញចែកអំណោយមនុស្សធម៌ ដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ចំនួន៧២នាក់ ក្នុងម្នាក់ៗទទួលបានទឹកដោះគោខាប់២កំប៉ុង, ស្កសរ១គីឡូក្រាម, សាប៊ូ១កញ្ចប់, ម្សៅទារក១កំប៉ុង,  ខោអាវទារកមួយឈុត, សារុង១ និងថវិកា២ម៉ឺនរៀល ដោយឡែកគ្រូពេទ្យ និងអ្នកថែជំងឺ៧៦នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល៕

Ti Amo (ពស)

អត្ថបទទាក់ទង