រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ អនុញ្ញាតឱ្យ នាយកប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោងកាបូនរេដបូកតំបន់ជួរភ្នំក្រវាញ

  • 915
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលប្រជុំ Video Conference ជាន់ទី២ខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យ កញ្ញា Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញការអនុវត្តច្បាប់ ក្នុងតំបន់ការពារធម្មជាតិរយៈពេលកន្លងមក ដោយផ្តោតសំខាន់លើគម្រោងកាបូនរេដបូកតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះដែរ បានការចូលរួមពីសំណាក់ លោក ខូយ រីដា និងលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដោយមានគោលបំណងបីយ៉ាងធំៗគឺ៖

*ទី១៖ ដើម្បីបានជាប្រយោជន៍ សម្រាប់ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន

*ទី២៖ ដើម្បីរក្សាការពារព្រៃឈើឱ្យនៅគង់វង្ស ដោយសារតែព្រៃឈើ គឺជាកន្លែងស្ដុកកាបូនសម្រាប់លក់

*ទី៣៖ ដើម្បីនាំប្រាក់ចំណូលជូនរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់អ្នកទិញឥណទានកាបូនព្រៃឈើនៃតំបន់ជួរភ្នំក្រវាញ គឺមកពីទ្វីបអឺរុប និងអាមេរិច ហើយការលក់បានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០១៩មកម្ល៉េះ។ ចំពោះជំនួយហិរញ្ញវត្ថុដែលផ្តល់ជួនខេត្តរយៈពេលកន្លងមក គឺជាលទ្ធផលផ្ទាល់ នៃការលក់ឥណទានកាបូនព្រៃឈើជួរភ្នំក្រវាញ ទៅឱ្យក្រុមហ៊ុនអន្ដរជាតិ ដែលទិញពិន្ទុះឥណទានស្រូបកាបូន ជាថ្នូរនឹងការបំភាយឧស្ម័នកាបូនិច នេះមានន័យថាប្រជាពលរដ្ឋនៅតំបន់ជួរភ្នំក្រវាញ កំពុងតែធ្វើការដោយមានភ្ជាប់ចំណងផ្ទាល់ ជាមួយក្រុមហ៊ុននានា នៅឯក្រៅប្រទេស ដើម្បីទប់ស្កាត់ឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុសកល។

កញ្ញា Suwanna បានសម្តែងអំណរគុណ និងការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តច្បាប់កន្លងមក របស់អាជ្ញាធរដែនដី និងភាគីពាក់ពទ្ធ័ ក្នុងតំបន់ការធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ ដោយក្នុងនោះក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើការការរពារ សក្តានុពលបរិស្ថាន និងធនធានធម្មជាតិ។ កញ្ញាបានបន្តថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព ក្នុងតំបន់ការពារធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចេរភាព និងធ្វើឱ្យគម្រោងកាបូនរេដបូកតំបន់ជួរភ្នំក្រវាញ ទទួលបានលទ្ធផលជាផ្លែផ្កា។ តែទោះជាយ៉ាងនេះក្តី ជុំវិញការអនុវត្តច្បាប់ ក៏នៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវធ្វើការដោះស្រាយ។ កញ្ញា Suwanna ក៏បានធ្វើបទបង្ហាញ និងបង្ហាញផែនទី ទីតាំងដីដែលប្រជាពលរដ្ឋ បានតាំងទីលំនៅ នៅទំនប់អាតៃពីរ ដែលមានប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ បានឯកភាពដោះដូរ ទទួលសំណងផលប៉ះពាល់ ទៅទីតាំងថ្មី។ ចំពោះប្រជាពលរដ្ឋ នៅអូរវល្លិ័ពែន ក៏ដូច្នោះដែរ បានចូលទៅតាំងទីលំនៅ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងរេដបូកផងដែរ។

បន្ទាប់ពីបានប្រជុំពិភាក្សាគ្នាយ៉ាងលំអិត រយៈពេលជិត២ម៉ោង ជាការឆ្លើយតប ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការសម្ព័ន្ឋមិត្តសត្វព្រៃ ដែលកន្លងមកបានសំរបសម្រួល និងសហប្រតិបត្តិការយ៉ាងល្អ ជាមួយមន្រ្តីបរិស្ថាន ឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ទ្ធនានា សម្រាប់តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ ពិតណាស់ថាតំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ពទ្ធ័ ក្នុងការធានាបាននូវនិរន្តភាពការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិ សម្រាប់តំកល់ជូនឧត្តមប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ ហើយឯកឧត្តមក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគម្រោងនេះផងដែរ។ ជាមួយគ្នានោះ ដើម្បីឱ្យការអនុវត្តម្រោង និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យ ឯកឧត្តមបានសម្រេច នឹងរៀបចំបង្កើត ក្រុមការងារថ្នាក់ខេត្តមួយ ដើម្បីចុះទៅពិនិត្យ និងពិភាក្សាគ្នាជាក់ស្តែងជាបន្តទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង