(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ និងជនចាស់ជរាគ្មានទីពឹង ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១០០គ្រួសារ មកពីភូមិចំនួន៤ គឺភូមិតាកែវក្រោម ភូមិតាកែវលើ ភូមិកែវមុន្នី និងភូមិខ្នងកំពូល(ទួលម្កាក់) ឃុំបឹងកន្តួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសហគ្រាស ធីខេ & ឌី មេនូហ្វេកធឺរីង ស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ, លោកជំទាវ ទិត សុខុម អគ្គនាយិកាសហគ្រាស ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ និងជនចាស់ជរាគ្មានទីពឹង ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, អាល់កុល១ដប, ម៉ាស់១ដុំ, សារុង១ និងថវិកា១ម៉ឺនរៀល។
លោក ចេង ឡៃ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដែលលោកទាំង២តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ពិសេសក្នុងស្រុកក្រគរ។
ក្នុងនាមរដ្ឋបាលខេត្ត លោក ចេង ឡៃ ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកជំទាវ ទិត សុខុម អគ្គនាយិកាសហគ្រាស ធីខេ & ឌី មេនូហ្វេកធឺរីង និងបានចាត់ទុកថា អំណោយទាំងអស់នេះពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមាន តម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗ ជាពិសេសក្នុងយុទ្ធនាការរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវបន្តយកចិត្តទុកដាក់គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង និងជម្រុញបន្តដល់កូនចៅត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញឱ្យបានទាំងអស់គ្នា។
លោក ចេង ឡៃ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគ របស់សហគ្រាស ធីខេ & ឌី មេនូហ្វេកធឺរីង លើការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសបានបង្កើតទីផ្សារការងារជូនដល់កូនក្មួយប្រជាពលរដ្ឋ មានប្រាក់ខែចិញ្ចឹមជីវិត កាត់បន្ថយការធ្វើចំណាកស្រុក។ ជាមួយគ្នានោះ លោកក៏សូមស្នើដល់សហគ្រាសឱ្យទទួលទិញផលិតផលដើម ដែលប្រជាកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិត និងសូមឱ្យសហគ្រាសទទួលបានការគាំទ្រ ពីសំណាក់អតិថិជនបានកាន់តែច្រើនឡើង ក្នុងចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចសេដ្ឋកិច្ចកម្ពុជា ឱ្យបានការទទួលស្គាល់ពីឆាកអន្តរជាតិ៕
Ti Amo (ពស)