(ពោធិ៍សាត់)៖ ពិតជាមោទនភាពណាស់ សម្រាប់ខេត្តពោធិ៍សាត់ ស្ថិតិចុងសប្តាហ៍ទី២ នៃខែមីនា ពោលគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងខេត្ត ទទួលបានភ្ញៀវទេសចរសរុប មានចំនួន២៨,៧២៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨,៧២៤នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០នាក់។
នេះបើតាមការអះអាង របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ។
ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការកើនឡើង ២២,១៣% (ទេសចរសប្តាហ៍មុន មានចំនួន ២៣,៥១៨នាក់)។ សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប ៥,៣៤០នាក់ (ក្នុងនោះស្រី ២,៧១៧នាក់)។
ប្រភពដដែលបានបន្ថែមថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ១១កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៤៦៣នាក់ ស្រី១៥៤នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ផ្អាកមិនដំណើរការ ០៤កន្លែង) និងមានភ្ញៀវសរុប៨៤២នាក់ ស្រី៣២៦នាក់។
ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ។
សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅទូទាំងប្រទេស រួមមាន៖
* ខេត្តព្រះសីហនុ ៣៧,១១០នាក់
* ខេត្តពោធិ៍សាត់ ២៨,៧២៤នាក់
* រាជធានីភ្នំពេញ ២៨,៤១៩នាក់
* ខេត្តសៀមរាប ២៧,៥៤៣នាក់
* ខេត្តបាត់ដំបង ២៣,៩៩០នាក់
* ខេត្តកំពត ២៦,១៣៦នាក់
* ខេត្តកំពង់ស្ពឺ ១២,៥០៩នាក់
* ខេត្តកែប ១១,៤៤៣នាក់៕
Ti Amo (ពស)