(ពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន១៦រូប នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានសម្តែងនូវគាវកិច្ចស្វាគមន៍ចំពោះអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងប្រតិភូ ដែលបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរងពលទាហាន និងគ្រួសារ។ ដោយមានកិច្ចសហការល្អ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនោះ ធ្វើឱ្យអង្គភាពកងពលអនុវត្តនូវតួនាទីភារកិច្ច ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជន ទាំងព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ អាស្រ័យដោយការយកចិត្តទុកដាក់ និងគិតគូរ អំពីសុខទុក្ខកងទ័ពនោះ អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ទទួលបានសមិទ្ធផលនូវអគារ ចំនួន៤ខ្នង ក្នុងនោះអគារទីបញ្ជាការ ១ខ្នង ២ជាន់ ទំហំ១,៤១៦ម៉ែតការេ អគារឃ្លាំងគ្រាប់ ១ខ្នងទំហំ ២២៤ម៉ែត្រការេ អគាស្នាក់នៅ១ខ្នង ទំហំ២៩០ម៉ែត្រការេ និងអគាឃ្លាំងស្បៀង១ខ្នង ទំហំ១២០ម៉ែត្រការេ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទន្ទឹមនឹងនោះអង្គភាព បានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំង ដល់នាយ នាយរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ពបាន៤លើក ចំនួន៣៨០៥នាក់ ក្នុងនោះគ្រួសារកងទ័ព ចំនួន១៤៦២នាក់ ស្មើនឹង៩០%។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការទាំង៤ខ្នង ស្មើនឹង២,០៤៥ម៉ែត្រការេ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយនឹងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហានទាំង១៦រូប នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤។ សមិទ្ធផលដែលកើតមាននាពេលនេះ គឺជាការខិតខំប្រឹងប្រែង រួមគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត និងបន្តកសាងទៅមុខបន្ថែមទៀតឱ្យកាន់តែល្អ កាន់តែទំនើប និងសមស្របទៅនឹងតម្រូវការចាំបាច់នៅក្នុងអង្គភាព។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងលើកឡើងថា ជានិច្ចកាលសម្តេចទាំង២ តែងតែយកចិត្តទុកដាក់គិតគូរ ដល់យោធិន និងគ្រួសារនៅគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ ហើយតែងតែជួយឧបត្ថម្ភគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ ថវិកា ដើម្បីជួយសម្រួលក្នុងការបំពេញភារកិច្ចជាពិសេសការងារហ្វឹកហ្វឺន រៀនសូត្រ ដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស ឱ្យកាន់តែមានសក្តានុពលទ្វេរឡើងថែមទៀត។ ការរួមចំណែករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័នយោធា សង្គមស៊ីវិល និងសប្បុរសជន បានសម្តែងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា ក្នុងបុព្វហេតុកសាងមូលដ្ឋាន រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយប្រសិទ្ធិភាព។ ជាការពិតណាស់ថា ទីបញ្ជាការដ៏ថ្មីស្រឡាងនេះ គឺជាទីកន្លែង សម្រាប់ធ្វើការមានភាពងាយស្រួល ច្បាស់លាស់ជាឆ្នឹងខ្នងកងទ័ព ដូចនេះត្រូវរួមគ្នាថែរក្សា និងកសាងបន្ថែម ដោយស្មារតី ឆន្ទះ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់រដ្ឋធម្មនុញ្ញលិខិតបទដ្ឋានគតិយុត្ត ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចការពារនិមិត្តរូប និងអត្តសញ្ញាណជាតិខ្មែរ។ តាមរយៈនេះ ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក សូមផ្តាំផ្ញើដល់នាយ នាយរង និងពលទាហានបន្តយកចិត្តទុកដាក់ លើការងារអប់រំចិត្តសាស្ត្រ ស្វែងយល់សភាពការណ៍ថ្មីៗ លើកកម្ពស់មនសិកាស្នេហាជាតិ សំដៅធានាប្រសិទ្ធិភាពតួនាទី ភារកិច្ចកងទ័ពក្នុងការពង្រឹងខឿនការពារជាតិ និងសន្តិភាព គ្រប់គ្រងកម្លាំងឱ្យបានល្អ ប្រើប្រាស់ធនធានមនុស្សទៅតាមជំនាញ ថែទាំអាវុធ យុទ្ធភ័ណ្ឌឱ្យមានសុវត្ថិភាព ពង្រឹងចំណងសាមគ្គីភាពផ្ទៃក្នុងល្អ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ក៏បានឧបត្ថម្ភថវិកា១០លានរៀល សម្ភារការិយាល័យរួមមាន កុំព្យួទ័រ៧គ្រឿង ម៉ាស៊ីនព្រីន៨គ្រឿង រថយន្តពេទ្យមួយគ្រឿង និងអញ្ជើញកាត់ខ្សែបូសម្ពោធអគារ ទីបញ្ជាការ និងចុះហត្ថលេខាលើសៀវភៅក្រាំងមាស នាពេលនោះផងដែរ៕
Ti Amo (ពស)