(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថាដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាលចត្វាស័កពស.២៥៦៥គស.២០២២ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះរដ្ឋបាលខេត្តពោធិ៍សាត់និងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាសទល់មុខសាលាខេត្តពោធិ៍សាត់និងតាមដងផ្លូវលេខ១០១រយៈពេលបីថ្ងៃបួនយប់គិតចាប់ពីយប់ថ្ងៃពុធ១២កើតខែចេត្រឆ្នាំឆ្លូវត្រីស័កពស.២៥៦៥ដល់ថ្ងៃសៅរ៍១៥កើតខែចេត្រឆ្នាំខាលចត្វាស័កពស.២៥៦៥ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២២ខាងមុខនេះ។
ព្រឹត្តិការណ៍សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់ដែលគ្រោងរៀបចំនេះមានកម្មវិធីជាអាទិ៍ពិធីទទួលទេវតាឆ្នាំថ្មីពិធីស្រង់ព្រះល្បែងប្រជាប្រិយរបាំប្រពៃណីរបាំត្រុដិដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាលព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយរបស់បណ្តាក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្តផ្ទាំងទស្សនីយភាពសិល្បៈការប្រគុំតន្ត្រីនិងការរាំកំសាន្ត។ល។ ដោយឡែកពេលរាត្រីក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួចជូនទស្សនាកំសាន្តផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញចូលរួមកំសាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ៕