រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំអាហាសាមគ្គី ជូនកងទ័ព និងគ្រួសារ នៅកងពលតូចអន្តរាគមន៍លេខ១៤

  • 327
  • ដោយ Admin

(ពោធិ៍សាត់)៖ ផ្តើមចេញពីមនោសញ្ចេតនា គោរពស្រឡាញ់ ដល់វីរៈភាពកងទ័ព ក្នុងនាមអង្គភាពសម្ពន្ធ័មេត្រីភាពនឹងគ្នា អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា បាននាំយកអំណោយ និងរៀបចំអាហាសាមគ្គី ជូនកងទ័ពនិងគ្រួសារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលស្ថិតក្នុងតំបន់បាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ពិធីនេះបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកភ្នំក្រវាញ។

លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានឱ្យដឹងថា ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន និងគ្រួសារ សូមសម្តែងក្តីសោមនស្សរីករាយ ចំពោះឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជានិងសហការី ដែលបានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខដល់នាយ នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព ដោយបានរៀបចំអាហារសាមគ្គី និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ គស.២០២២។ លោកឧត្តមសេនីយទោ បានថ្លែងថា ជានិច្ចកាលអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា មិនដែលភ្លេចកងទ័ព និងគ្រួសារនោះឡើយ ទោះបីជាប់ដៃមមាញឹកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏នៅតែចូលរួមជួយឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ជាប់ជានិច្ច ជាពិសេសក្នុងឱកាសបុណ្យប្រពៃណី។ ដោយមានការជួយឧបត្តមគាំទ្រ ពីអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក បានធ្វើឱ្យអង្គភាពទ័ពឈរជើង តាមបន្ទាត់ព្រំដែនថ្មដា និងមូលដ្ឋានកងទ័ព សម្រេចកសាងបាននូវហេដ្ឋារចនាសម្ពន្ធ័យុទ្ធសាស្ត្រ តាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពល្អប្រសើរ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ និងលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាជន ទោះបីជាប់ដៃទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ​។ ឯកឧត្តមបានលើកឡើងថា ក្រៅពីជួយលើផ្នែកស្បៀងអាហារ ដល់កងទ័ព និងគ្រួសារនោះ ក៏នៅមានរួមចំណែកកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបាន ក្នុងវិស័យយោធា ដូចជាអគារស្នាក់នៅ អគារធ្វើការ ប្រព័ន្ធទឹកស្អាត និងអគ្គិសនីជាដើម។ ស្ថិតក្នុងស្ថានភាពដែលសង្គមជាតិ ទទួលរងការប៉ះពាល់ដោយជំងឺកូវីដ១៩ សូមឱ្យកងទ័ព និងគ្រួសារអនុវត្តវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣ការពារ ៣កុំ» និងត្រូវយកចិត្តទុកដាក់ ហ្វឹកហ្វឺន រៀនសូត្រ បង្កើនសមត្ថភាពជំនាញកងទ័ព ត្រៀមជួយធ្វើអន្តរាគមន៍ នៅពេលមានករណីកើតឡើងដោយយថាហេតុ និងចូលរួមការងារដាំដុះ និងចិញ្ចឹមសត្វ។

ឯកឧត្តមក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ ស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដោយត្រូវសាមគ្គីភាព និងគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ឱ្យបន្តជានាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ និងឯកឧត្តម យឹម វិសិដ្ឋ ព្រមទាំងសហការី បាននាំយកអំណោយ របស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ក្នុងនោះមាន៖ ថវិកា២ពាន់ដុល្លារអាមេរិក, មី៤៥០កេស, ប៊ីចេង១៥កេស, ត្រីខកំប៉ុង៥០កេស, ត្រីងៀត១០០គីឡូក្រាម, សាច់ក្រក១០០គីឡូក្រាម, ប្រហុកសាច់១០០គីឡូក្រាម, ឆៃប៉ូវផ្អែម១០០គីឡូក្រាម, ទឹកត្រីទឹក និងទឹកស៊ីអ៊ីវ៨៥០យួរ, ម៉ាស៤០០ប្រអប់ និងអាល់កុល១៥០លីត្រ និងបានរៀបចំអាហាសាមគ្គីមួយពេល សរុបចំណាយអស់ថវិកា ប្រមាណជាង៣ម៉ឺនដុល្លារអាមេរិកផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង