រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមសិក្ខាកាម​យុវជន​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ ចំនួន​២៣នាក់​ ចុះកម្មសិក្សា​ នៅខេត្ត​ពោធិ៍សាត់

  • 308
  • ដោយ Admin

(​ពោធិ៍សាត់​)៖​ នា​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២២ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បានអនុញ្ញាតឱ្យ ក្រុមសិក្ខាកាម​យុវជន​អ្នកសារព័ត៌មាន​ជំនាន់​ក្រោយ​ ចំនួន២៣​នាក់​ មក​ពី​១៣​អង្គភាព​ ដែលដឹកនាំដោយ លោក​ ហោ​ គន្ធា​ ប្រធានស្ថាបនិក​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសមនិងចែករំលែកបទពិសោធន៍ ក្នុង​គោលបំណង​សិក្សា​ស្វែង​យល់បន្ថែម ​ទៅលើ​វិស័យ​សារព័ត៌មាន ​ក្រោម​ប្រធាន​បទ «ព័ត៌មាន​ពិត​ជុំវិញ​បឹងទន្លេសាប​»​។ សូម​បញ្ជាក់​ផងដែរថា​ អ្នកសារព័ត៌មាន​ទាំង​២៣នាក់​ខាង​លើ ​ជា​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្ដាល​កន្លង​មក​ថ្មី​ៗ ​កាល​ពី​ខែមីនា​ ឆ្នាំ​២០២២នេះ​។

ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បានលើកឡើង​ថា​ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​សូម​ស្វាគមន៍​ ចំពោះ​សិក្ខាកាម​ទាំង​អស់​ ដែល​បាន​ចុះ​ធ្វើ​កម្ម​សិក្សា​ នៅក្នុងទឹកដីនៃ​ខេត្ត​ពោធិ៍សាត់ ​ដែល​មាន​រយៈ​ពេល​ ២ថ្ងៃ​ និង​សូម​គាំទ្រ​គ្រប់​អ្នក​សារព័ត៌មាន​ទាំង​ឡាយ​ណា ​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល ​ប្រដោយ​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​។

ជាមួយ​គ្នា​នេះដែរ​ ឯកឧត្តម​អភិបាលខេត្ត​ បាន​ធ្វើ​ការ​ចង្អុល​បង្ហាញ​ និង​ចែក​រំលែក​ព័ត៌មាន​ និង​បទពិសោធន៍​ល្អ​ៗ​ ជុំវិញ​ខេត្ត​ពោធិ៍សាត់​ ដែល​បាន​ជួប​ប្រទះ​កន្លងមក​ ព្រម​ទាំងលើក​ទឹកចិត្ត ឱ្យ​អ្នកសារព័ត៌មាន ដែល​ជាសិក្ខាកាម​ ត្រូវខិតខំ​ប្រឹងប្រែង​ សិក្សា​ស្វែង​យល់បន្ថែម ​លើ​ជំនាញ​វិជ្ជាជីវៈ​ និងក្រម​សីលធម៌​ ដើម្បី​ទុក​ជា​ដើម​ទុន​ ក្នុង​អាជីពជា​អ្នក​សារព័ត៌មាន ​នាថ្ងៃ​អនាគត​។

ឯកឧត្តម​បានបន្ដទៅទៀត​ថា​ អ្នកសារព័ត៌មាន​ គឺ​ជា​ផ្នែក​មួយក្នុងការជួយ​បំពេញ​នូវ​ចំណុយ​ខ្វះ​ខាត់​ ជូន​រដ្ឋបាល​មូលដ្ឋាន​ ដែល​មាន​ភាព​ចន្លោះ​ប្រហោង ​លើ​ការ​គ្រប់គ្រង​។​ អ្នក​សារព័ត៌មាន ​អាច​ផ្ដល់​ជា​ដំណឹង​ ឬ​ព័ត៌មាន​បន្ថែម ​ដើម្បីឱ្យ​រដ្ឋ​បាល​មូលដ្ឋាន ​បាន​បំពេញ​នូវ​ចន្លោះ​ទាំង​អស់​នោះ។  

ក្រោយ​ពីទទួលបាន​អនុសាសន៍​ល្អៗ​ លោក​ ហោ​ គន្ធា​ តំណាង​សិក្ខាកាម ​ទាំង​២៣​នាក់​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាល​ខេត្ត​ពោធិ៍សាត់​ ដែល​ផ្ដល់​​កិត្តិយស​ និង​ចំណាយពេល​វេលា​ដ៏​តម្លៃ​ ឱ្យ​សិក្ខាកាម ​នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ជួប​សម្ដែង​ការ​គួរសម​ និង​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ វិជ្ជាជីវៈបន្ថែម ​ប្រកប​ដោយ​សេចក្តី​សោមនស្ស​រីករាយ​ និង​ភាព​ស្និទ្ធស្នាល​ជាទីបំផុត​៕

Ti Amo (ពស)

អត្ថបទទាក់ទង