រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បន្តទទួលថវិកា ជំហាន២ ពីមន្ទីរ អង្គភាព និងសប្បុរសជន បានចំនួន ៣៥,២១៥,០០០រៀល និង១៦,៨០០ដុល្លារអាមេរិក

  • 257
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅក្នុងឱកាសអបអរសាទរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍» នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានបន្តអញ្ជើញទទួលថវិកា ជំហាន២ ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជនក្នុងខេត្ត បានចំនួន៣៥,២១៥,០០០រៀល និង១៦,៨០០ដុល្លារអាមេរិក នៅស្នាក់ការសាខា ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ ឯកត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ ក៏ដូចបណ្តាឆ្នាំកន្លងមក ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសប្បុរសជន គ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្រ និងបរិច្ចាគថវិកា ទៅតាមលទ្ធភាព ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្ត មានធនធានសម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ បន្តពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ទៅតាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ជាក់ស្តែងដូចថ្ងៃនេះ គឺជាជំហាន២ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំទទួលថវិកា ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជនក្នុងខេត្ត បានចំនួន៣៥,២១៥,០០០រៀល និង១៦,៨០០ដុល្លារអាមេរិក ក្នុងនោះ «ឧត្តមសេនីយ៍ឯក សុខ ហេង និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តថវិកា២០លានរៀល, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថវិកា៣០០០ដុល្លារ, លោកស្រី ជិន ម៉ាលីន និងស្វាមី ថវិកា២៥០០ដុល្លារ, នាយក នាយករង និងមន្ត្រីចំណុះសាលាខេត្ត ថវិកា៣,១៦៥.០០០រៀល, មន្ទីរមុខងារសាធារណៈខេត្ត ថវិកា៥០០ដុល្លារ, លោកស្រីវេជ្ជបណ្ឌិត សេង បូតា និងលោក ឡាយ វិសិដ្ឋ ថវិកា៥០០ដុល្លារ, មន្ទីរផែនការខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ដោយក្នុងមួយមន្ទីរ ថវិកា២លានរៀល, ព្រះពោធិសត្វមេត្តាមហានុរក្ស ហួត សុធា ព្រះមេគណគណៈធម្មយុត្តខេត្ត បច្ច័យ១លានរៀល, លោក ឃិន យឿន និងលោកស្រី ថវិកា២០០ដុល្លារ, លោកស្រី ណៃ​ សុខលាង និងស្វាមី ថវិកា៥០ម៉ឺនរៀល, លោក សេង សួ និងលោកស្រី សេក សូនី ម្ចាស់សណ្ឋាគារច័ន្ចមណ្ណីច័ន្ច ថវិកា១០០ដុល្លារ, លោក យ៉ង់ ឌៀប ម្ចាស់ផ្ទះសំណាក់រលាប ថវិកា២០ម៉ឺនរៀល, លោកស្រី គាំ ឥន្ធធារី មន្ត្រីបរិស្ថានខេត្ត និងស្វាមី ថវិកា២០ម៉ឺនរៀល និងអ្នកស្រី គាំ ឥន្ធធារី គឹម តុងហេង សមាជិកាកិត្តិយសសាខាសមាគមនារីខេត្ត ថវិកា១៥ម៉ឺនរៀល»។

ឯកឧត្តមក្នុងនាមប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់មន្ទីរ អង្គភាព សប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបលើកទី១៥៩ ដើម្បីឱ្យសាខាមួយនេះ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានា។ ឯកឧត្តម​បានថ្លែងជម្រាបជូនថា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សន្យាយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕

Ti Amo (ពស)

អត្ថបទទាក់ទង