រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គណៈប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង នៅគេហដ្ឋាននៃសព

  • 294
  • ដោយ Admin

(ពោធិ៍សាត់)៖ គណៈប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមទាំងសហការី នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជំងឺបេះដូង។

សពឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០២២ខាងមុខ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកមរណភាពរបស់ ឯកឧត្តម ព្រឹទ្ធាចារ្យ​ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម គឺជាការបាត់បង់ស្វាមី បិតា ជីតា បងប្រុសជាទីស្រលាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ ឥស្សរជនខ្មែរដ៏ឆ្នើមមួយរូប ដែលជានិច្ចជាកាលតែងតែបានចូលរួមយ៉ាងសកម្មបំផុត ក្នុងបុព្វហេតុស្តារ និងអភិវឌ្ឍន៍មាតុភូមិអង្គរដ៏បវរនៃយើង។

ឯកឧត្តមបានថ្លែងថា «ក្នុងឱកាសប្រកបដោយសមាទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង និងបុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅសោយសុខនៅឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

Ti Amo (ពស)

អត្ថបទទាក់ទង