រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការរដ្ឋបាល បោសសំអាតការសាងសង់រោង ខ្ទមខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

  • 409
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅក្នុងសេចក្តីជូនដំណឹងលេខ ១៧៤ឥ/២២ សជណ.ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំង១០០គ្រួសារ ដែលបានមកសាងសង់រោង ខ្ទមដោយខុសច្បាប់ និងកាប់ រុករានទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ជ្រាបថា៖ សកម្មភាពដែលបងប្អូនប្រជាពលរដ្ឋ កំពុងតែសាងសង់រោង ខ្ទម កាប់ គាស់ រុករានទន្ទ្រានដីព្រៃ ដាំដុះ នៅលើទីតាំងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺជាអំពើខុសច្បាប់។ ដូចនេះ ដើម្បីធានានូវការគ្រប់គ្រងធនធានធម្មជាតិ ការពារ ថែរក្សា អភិរក្សព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់រោង ខួមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅ នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោង ខ្ទម ដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់។

រដ្ឋបាលខេត្ត ទុករយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង ខ្ទម ដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រានដីព្រៃ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនមានដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំដីប្រើប្រាស់ តាមរយៈអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តសាមី។ ផុតកំណត់រយៈពេលជូនដំណឹងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ចុះរុះរើរោង ខ្ទម ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិនោះទេ ក្នុងករណីបងប្អូនប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅខុសច្បាប់ទាំងអស់ ចូលរួមសហការជាមួយរដ្ឋបាលស្រុក-ខេត្ត ដើម្បីអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធិភាព និងប្រកបដោយជោគជ័យ៕

Ti Amo (ពស)

អត្ថបទទាក់ទង