(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ប្រមាណជិត៩០០នាក់។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត គណ:អចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ នៃគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមការងារយុវជន ជាច្រើននាក់ទៀត។
ឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេប ស្តីអំពីរចនាសម្ព័ន្ធគណបក្ស រចនាសម្ព័ន្ធក្បាលម៉ាស៊ីនយុវជនគណបក្ស នយោបាយសតិអារម្មណ៍របស់មហាជន និងប្រជាជន ក្នុងស្ថានការណ៍ត្រៀមបោះឆ្នោតនាពេលខាងមុខ និងការអនុវត្តន៍ផែនការឆ្ពោះ ទៅរកការបោះឆ្នោតខាងមុខ។
ក្នុងកិច្ចសំណេះសំណាលទៅកាន់យុវជន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលតែងតែយកចិត្តទុកដាក់ ដល់យុវជន ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ។ ឯកឧត្តមបានកោតសរសើរ ដល់យុវជនទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តន៍ការងារ តាមគោលមាគ៌ានយោបាយរបស់គណបក្ស សកម្មចូលរួមកការងារសង្គម ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែក ទទួលយក និងកោតសរសើរ។
ឯកឧត្តមសូមឱ្យយុវជនទាំងអស់ បន្តខិតខំរៀនសូត្រ ពង្រឹងនូវសតិអារម្មណ៍ និងសមត្ថភាពការងារ ចំណេះដឹងដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់កសាងប្រទេសជាតិ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី ក៏បានថតរូបទុកជាអនុស្សាវរីយ៍ ជាមួយសមាជិក សមាជិកា នៃអង្គពិធី និងប្អូនៗយុវជនទាំងអស់ផងដែរ៕
Ti Amo (ពស)