រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ គ្រោងស្នើសុំគោលការណ៍ កាត់ឆ្វៀលដី ប្រមាណជាង៣ពាន់ហិកតា ជូនប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផល ក្នុងតំបន់៣ មុនឆ្នាំ២០១២

  • 385
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម អិត សេដ្ឋា រដ្ឋលេខាធិកា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តកន្លងមក លើការងារពាក់ព័ន្ធដីក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ឃុំ ស្រុក ដែលនៅជាប់បឹងទន្លេសាប។ 

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិភាក្សារកដំណោះស្រាយ បញ្ហាប្រឈមនានា ដើម្បីរៀបចំជារបាយការណ៍ និងទិន្នន័យលម្អិតជាក់លាក់ ធ្វើការគោរពស្នើសុំគោលការណ៍ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍ និងអាស្រ័យផល មុនឆ្នាំ២០១២។

សូមជម្រាបជូនថា ក្នុងសំណើសុំកាត់ឆ្វៀលដី លេខ១៩១៣/២២ សលា.ខពស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ខេត្តពោធិ៍សាត់មានស្រុកចំនួន៣ ដែលជាប់ពាក់ព័ន្ធនឹងតំបន់៣ រួមមានស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន។ ដោយមានការស្នើសុំពីរដ្ឋបាលស្រុកចំនួន៣នោះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគាំទ្រលើការស្នើសុំកាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដោយសារកន្លងមកនៅក្នុងតំបន់៣នេះ ជាភូមិចាស់ ដែលមានសាលាឃុំ មណ្ឌលសុខភាព លំនៅឋានប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលជាយូរណាស់មកហើយ មុនការបង្កើតជាតំបន់៣ និងជាតំបន់ការពារ។

ផ្ទៃដីដែលត្រូវស្នើសុំគោលការណ៍កាត់ឆ្វៀលនោះ មានទំហំផ្ទៃដីសរុបចំនួន៣៤៤៨.៧៧ហិកតា ស្មើនឹង១៣៩៩ក្បាលដី មានចំនួន១៦៥៨គ្រួសារ ដែលក្នុងនោះរួមមាន៖

ទី១-ស្រុកក្រគរ ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប១១២២.៤៥ហិកតា ស្មើនឹង៤៣៨ក្បាលដី មានចំនួន៧០៦គ្រួសារ រួមមាន៖ ឃុំអន្សាចំបក់, ឃុំកំពង់ពោធិ៍, ឃុំអូរសណ្ដាន់ និងឃុំកំពង់លួង។ 

ទី២-ស្រុកកណ្តៀង ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប១១៦៩.៧២ហិកតា ស្មើនឹង៥៩៤ក្បាលដី មានចំនួន៥៨៥គ្រួសារ រួមមាន៖ ឃុំរាំងទិល, ឃុំស្រែស្តុក, ឃុំស្យា និងឃុំកញ្ជរ។

ទី៣-ស្រុកបាកាន ស្នើសុំកាត់ឆ្វៀលដី មានទំហំផ្ទៃដីសរុប១១៥៦.៦ហិកតា ស្មើនឹង៣៦៧ក្បាលដី មានចំនួន៣៦៧គ្រួសារ រួមមាន៖ ឃុំអូរតាប៉ោង ឃុំមេទឹក និងឃុំបឹងបត់កណ្តោល៕

Ti Amo (ពស)

អត្ថបទទាក់ទង