(ពោធិ៍សាត់)៖ ចុងសប្តាហ៍ទី៤ នៃខែឧសភា ពោលគឺចាប់ពីថ្ងៃទី២៣-៣០ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន១២,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១២,១៣៥នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០នាក់។
ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៣-២៩ ខែឧសភា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប១០,៨៤៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១០,៨៤៥នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ១៨,៧០% (ទេសចរសប្តាហ៍មុន មានចំនួន ១៣,៣៤០នាក់)។
ប្រភពបានបន្តថា សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវមានចំនួនសរុប១,២៩០នាក់ (ស្រី៦៥០នាក់)។ សរុបរួមរមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប១២,១៣៥នាក់។ ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៧៧១នាក់ ស្រី២៨៦នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការធម្មតា) និងមានភ្ញៀវសរុប១,៨៥៩នាក់ ស្រី៧៥០នាក់។
តួលេខភ្ញៀវទេសចរខាងលើ មានការថមថយ ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរ ទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។ ទន្ទឹមនឹងនេះ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំសង្កាត់ របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។ ដោយឡែក កម្មករ-កម្មការនី ក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង៕
Ti Amo (ពស)