(ពោធិ៍សាត់)៖ នាថ្ងៃពុធ ០២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីទទួលបន្ទុកការងារសរុបមួយចំនួនទៀត។
បន្ទាប់ពីមានការអាននូវរបាយការណ៍រដ្ឋបាលខេត្ត ស្តីពីសកម្មភាពការងារ របស់មន្ទីរអង្គភាពជុំវិញខេត្តនោះរួចមក រួចមក, ឯកឧត្តម ជាវ តាយ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសកម្មភាពការងារ ដែលគ្រប់មន្ទីរអង្គភាព និងរដ្ឋបាលខេត្ត បានបំពេញការងារដោយយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលលទ្ធផលសម្រេចបាននេះ បានបង្ហាញឱ្យឃើញពីការចូលរួមសាមគ្គី ពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ និងសន្តិសុខសុវត្ថិភាពដោយប្រសិទ្ធិភាព។ ឯកឧត្តមក៏បានជម្រុញបន្ថែមទៀត ដល់អាជ្ញាធរក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅក្នុងដែនសមត្ថកិច្ច ការទទួលខុសត្រូវរបស់ខ្លួន ពន្លឿនការផ្ដល់សេវាធារណ: ជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់សេវារដ្ឋបាលឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីរាជការ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបង្ក្រាបបាននូវបទល្មើសគ្រប់រូបភាព ដែលបានកើតឡើងក្នុងភូមិសាស្ត្រ ធ្វើឱ្យសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តពោធិ៍សាត់ កាន់តែល្អប្រសើរ។ ទាំងអស់នេះបង្ហាញថា មន្ទីរអង្គភាពរួមទាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវាសាធារណៈបានល្អប្រសើរ ដែលជាការរួមចំណែកធ្វើឱ្យខេត្តពោធិ៍សាត់មានភាពរីចម្រើន។
ឯកឧត្តមសូមឱ្យបង្កើនការយកចិត្តទុកដាក់ លើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅតាមក្រុងស្រុកនានា ពិសេសកិច្ចការចំពោះមុខការពារការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ៕
Ti Amo (ពស)