រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គ្រួសារជនរងគ្រោះ២នាក់ ដែលទទួលមរណភាព ដោយគ្រោះធម្មជាតិរន្ទះបាញ់ ទទួលបានថវិកា និងសម្ភារសម្រាប់ចូលរួមបុណ្យសព ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ (Video inside)

  • 261
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា នាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ជនរងគ្រោះ២នាក់ផ្សេងគ្នា ដែលបានទទួលមរណៈភាព កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយគ្រោះធម្មជាតិរន្ទះបាញ់ ដល់លំនៅដ្ឋាននៃសពផ្ទាល់ ក្នុងភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន និងភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាមួយគ្រួសារសព ជនរងគ្រោះទាំង២នាក់ផ្សេងគ្នា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពជនរងគ្រោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកបានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននោះ ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ម ចំពោះប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកបានបញ្ជាក់ថា ជាទូទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលទ្ធភាព ក្នុងការចែកជូនអំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយប្រការផ្សេងៗ នាពេលកន្លងមក ក៏ដូចនាពេលនេះ គឺសុទ្ធជាការបរិច្ចាគទាំងថវិកា និងសម្ភាររបស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកបានជម្រាបជូនថា គ្រឿងឧបភោគ បរិភោគសម្រាប់ចូលរួម ជាមួយក្រុមគ្រួសារសព ទាំង២ខាងលើនេះ ដោយក្នុងមួយសពទទួលបាន៖ អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ ២កេស និងថវិកា ៤០ម៉ឺនរៀល។

ក្រុមគ្រួសារសពទាំង២ខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជាវ តាយ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបាននាំយកថវិកា និងសម្ភារៈមកចូលរួមបុណ្យសពនាពេលនេះ បញ្ជាក់ឱ្យឃើញអំពីទឹកចិត្តសប្បុរសធម៌ ដល់គ្រួសាយើងខ្ញុំ និងសូមគោរពជូនពរ ដល់លោក លោកស្រី ប្រកបដោយសុខភាពល្អ និងសម្រេចរាល់ភារកិច្ចជូនជាតិ និងប្រជាជនជារៀងរហូត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិ រន្ទះបាញ់ស្លាប់មនុស្ស២នាក់ ផ្សេងគ្នា នៅឃុំស្នាមព្រះ និងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជនរងគ្រោះទី១-ឈ្មោះ សេង សុខា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈចេញទៅព្រោះស្រែ ពេលមេឃកំពុងភ្លៀង។ ជនរងគ្រោះទី២-ឈ្មោះ អឿង អឿន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិសំរោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈដើរទៅមើលទឹកស្រែ ពេលមេឃកំពុងភ្លៀង៕

Ti Amo (ពស)

អត្ថបទទាក់ទង